ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានថានឹងជូន«កាដូបន្ថែម»ដល់អាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែកញ្ញា មន្ត្រីការបរទេសកូរ៉េខាងជើង បានព្រមានថា ប្រទេសកូរ៉េខាងជើង បានត្រៀមលក្ខណៈផ្ញើកាដូថ្មី បន្ថែមទៀត ដល់អាមេរិក ក្រោយពេលដែល ប្រទេសមហាអំណាចពិភពលោកមានគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ក្រោយការសាក់លក្បងមីស៊ីលនិងបរមាណូ។

អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ លោក Han Tae Song បានបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងដោយជោគជ័យនៅគ្រាប់បែកបរមាណូ ហីត្រូសែន កាលពីថ្ងៃទី៣ខែកញ្ញា។ លោកបន្តទៀតថា«វិធីសាស្ត្រការពារ របស់ប្រទេសយើងខ្ញុំនាពេលកន្លងមក គឺជាកាដូ ផ្ញើជូនអាមេរិក»។ លោកបន្តទៀតថា អាមេរិកនិងទទួលបានកាដូ ជាច្រើនទៀត រហូតដល់អាមេរិកបញ្ចប់សកម្មភាព ឌឺដង អត់ប្រយោជន៍ ក្នុងការដាក់គំនៀបទៅលើកូរ៉េខាងជើង ។

កាលពីថ្ងៃទី៤ ខែកញ្ញា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានចោទប្រកាន់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន «ស្នើសុំធ្វើសង្គ្រម» ក្រោយពេលប្រទេសសនេះបានសាកល្បងគ្រាប់បែកបរមាណូ ។ ទន្ទឹមនិងនោះលោកស្រី ក៏បានស្នើដល់អង្គការសហប្រជាជាតិ បង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខងជើង រារាំងបណ្កាប្រទេសធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។

ប៉ុន្តែ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិលោក VassilyNebenziaបានបញ្ជាក់ថា អាមេរិក ចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតអនុម័តដាក់ទណ្ឌកម្មបន្ថែមនៅថ្ងៃទី១១ ខែកញ្ញា គឺជាការលឿនពេក ។ លោកបន្តទៀតថា ការដាក់ទណ្ឌកម្ម និងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ មិនអាចរកដំណោះស្រាយបានឡើយ។

កន្លងមកប្រធានាធិបតិរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន នៅថ្ងៃទី៥ ខែកញ្ញា បានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មកាន់តែតឹងរឹងលើកូរ៉េខាងជើងជុំវិញបញ្ហាកម្មវិធីបរមាណូ និងមីស៊ីល និងមិនផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងទីក្រុងព្យុងយ៉ាងបានទេ ប៉ុន្តែផ្ទុយទៅវិញអាចនាំឲ្យមានមនុស្សជាច្រើងរងគ្រោះ។

ថ្លែងនៅក្រោយកិច្ចប្រជុំកំពូល BRICs ក្នុងប្រទេសចិនលោក ពូទីន ក៏បានព្រមានប្រឆាំងចំពោះការបង្កើនចលនាយោធាបន្ថែមជុំវិញបញ្ហាកូរ៉េខាងជើងដោយលោកនិយាយថា អាចនាំទៅរក “មហន្តរាយសកលលោក”។

ជាមួយគ្នានេះ ប្រទេសកូរ៉េខាងត្បូងបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងពិភាក្សាគ្នាជាមួយក្រុងវ៉ាស៊ីនតោនអំពីការដាក់ពង្រាយយន្តហោះដឹកជញ្ជូន និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទៅកាន់ឧបទ្វីបកូរ៉េដើម្បីប្រឆាំងនឹងការគំរាមកំហែង។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានរៀបចំការអំពាវនាវជាមួយមេដឹកនាំបរទេសរួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ហើយសេតវិមានបានប្រកាសថា ជម្រើសទាំងអស់ដើម្បីដោះស្រាយការគំរាមកំហែងរបស់កូរ៉េខាងជើងគឺស្ថិតនៅលើតុ៕ ម៉ែវ សាធី


ចែករំលែក៖