ព័ត៌មានទាន់ហេតុការណ៍៖

ថៃស្នើដល់១៩០ប្រទេសជួយអន្តរាគមន៍ចាប់ លោកស្រីយីងឡាក់បញ្ជូន មកថៃវិញ

ចែករំលែក៖

រដ្ឋាភិបាលថៃដឹកនាំដោយលោក ប្រាយុទ្ធចាន់អូចា បានស្នើដល់ប្រទេស ចំនួន១៩០នៅជុំវិញពិភពលោក ជួយស្វែងរក និងចាប់ខ្លួន លោកស្រីយីងឡាក់អតីតនាយករដ្ឋមន្ត្រីថៃ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា រដ្ឋាភិបាលថៃ បានប្រកាសស្នើដល់១៩០ប្រទេស ជួយស្វែងរកចាប់ខ្លួនលោកស្រីយីងឡាក់បញ្ជូនមកប្រទេសថៃវិញឲ្យបានមុន តុលាការប្រកាសសាលក្រម នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។

ស្នងការរង ប៉ូលិសថៃលោក Wittaya Prayongpan បានឲ្យដឹងថា ប៉ូលិសថៃបានផ្ញើរសំណើរទៅកាន់១៩០ប្រទេសដើម្បីជួយស្វែងរកចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ។ លោក Wittaya Prayongpan បានឲ្យដឹងថា ប្រសិនបើទួទលបានព័ត៌មាន ស្តីពីការលាក់ខ្លួន នៅទីណានោះ ក្រសួងការបរទេសថៃ នឹងដកហូតលិខិតឆ្លងដែនរបស់លោកស្រី។

កន្លងមក សារព័ត៌មានរ៉យទ័របានផ្សាយថា តាមប្រភពព័ត៌មានពីគណបក្សភឿថៃ លោកស្រីយីងឡាក់ បានចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាបរួម ជាទីកន្លែងដែលបងប្រុសរបស់លោកស្រី គឺលោកថាក់ស៊ីនភៀសខ្លួនរស់នៅទីនោះ។

តុលាការថៃបានពន្យារពេល ប្រកាសសាលក្រម ពីថ្ងៃទី២៥ ខែសីហាមកថ្ងៃទី២៧ ខែកញ្ញា ក្រោយពេលលោកស្រីយីងឡាក់អវត្តមាននៅក្នុងពេលប្រកាសសាលក្រម ដោយមេធាវីបញ្ចាក់ថា លោកស្រីឈឺមិនអាចមកបាន។

ការចាកចេញរបស់លោកស្រីយីងឡាក់ ត្រូវបានក្រុមអ្នកគាំទ្រ ការដឹកនាំរបស់ក្រុមអភីជននៅថៃយលថា ជាការបញ្ចប់ របបដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រា។ ប៉ុន្តែគ្រួសារត្រកូល ស៊ីណាវ៉ាត្រា នៅតែ មានមនុស្សដែលអាចបន្តចូលរួមនៅក្នុងឆាកនយោបាយ ដើម្បីបន្តវិថីនយោបាយ របស់ត្រកូល ស៊ីណាវ៉ាត្រា ដែលមានឥទ្ធិ ពលបំផុតនៅក្នុងឆាកនយោបាយថៃ។

ក្រុមអ្នកអង្កេតការណ៍ និងប្រភពព័ត៌ មានជាច្រើនបានលើកឡើងថា សមាជិក នៅក្នុងគ្រួរសារត្រកូល ស៊ីណាវ៉ាត្រា ទាំងអស់ដែលចង់ចូលរួមក្នុងឆាកនយោបាយ គឺចាំបាច់ត្រូវតែមានការឯកភាពពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជារៀមច្បង កំពុងរស់នៅក្រៅប្រទេស ជាបុគ្គលមាន ឥទ្ធិពលបំផុតក្នុងឆាកនយោបាយថៃ។ តាមការលើកឡើងរបស់អ្នកឯកទេស លោក ថាក់ស៊ីន អាចនឹងបណ្តុះបណ្តាល ឲ្យកូនប្រុស ឬក៏ប្អូនស្រីរបស់លោកបន្ថែម ទៀត ក្រៅពីលោកស្រី យីងឡាក់ ដើម្បីឲ្យក្លាយជាអ្នកនយោបាយឆ្នើមនៅក្នុងត្រកូល ស៊ីណាវ៉ាត្រា។

តាមអ្នកឯកទេសបុគ្គលដែលលេច ធ្លោជាងគេបំផុតនៅក្នុងត្រកូល ស៊ីណាវ៉ា ត្រា និងជាការចាប់អារម្មណ៍បំផុតរបស់លោក ថាក់ស៊ីន សម្រាប់បន្តនយោបាយ របស់ត្រកូលស៊ីណាវ៉ាត្រា គឺប្អូនស្រីឈ្មោះ Yaowapha ភរិយារបស់អតីតនាយករដ្ឋ មន្ត្រី Somchai Wongsawat។

លោកស្រី មានអាយុ៦២ឆ្នាំ ត្រូវបានគេវាយតម្លៃថា ជាអ្នកនយោបាយពិតប្រាកដដោយលោកស្រីមានទស្សនៈនយោបាយមិនចាញ់បងប្រុស ថាក់ស៊ីន នោះឡើយ។ លោកស្រី ធ្លាប់កាន់តំណែងជាតំណាងរាស្ត្រនៅ ក្នុងទីក្រុងឈៀងម៉ៃ។

ប្រភពព័ត៌មានបាន ឲ្យដឹងថា ប្រសិនបើលោកស្រីមិនត្រូវបានហាមប្រាមឲ្យប្រឡូកនៅក្នុងឆាកនយោ បាយកាលពីឆ្នាំ២០០៨នោះទេ លោកស្រី នឹងក្លាយជានាយករដ្ឋមន្ត្រីទី២៨ នៅក្នុង ប្រទេសថៃ មិនមែនលោកស្រី យីងឡាក់ នោះឡើយ។ នៅពេលនោះ លោកស្រីត្រូវបានហាមប្រាមចូលរួមនៅក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។ ក្រោយបញ្ចប់ការ ហាមប្រាមលោកស្រីបានបន្តចូលរួមបោះឆ្នោតតំណាងរាស្ត្រ ហើយបន្តទទួលបាន ជ័យជម្នៈនៅក្នុងក្រុងឈៀងម៉ៃជាបន្ត ទៀតនៅឆ្នាំ២០១៣។

កន្លងមក លោកស្រីមិនបានចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រី ដឹកនាំរបស់បងប្រុស ថាក់ស៊ីន ក៏ដូចជា រដ្ឋាភិបាលរបស់ប្អូនស្រី យីងឡាក់ នោះ ឡើយ។ ប៉ុន្តែលោកស្រី Yaowapha មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងគណបក្សភឿថៃ។ មិនត្រឹមតែប៉ុណ្ណោះ មានព័ត៌មានថា លោកស្រី Yaowapha គឺជាអ្នកដឹកនាំ ប្រទេសនៅពីក្រោយរដ្ឋាភិបាលរបស់ លោកស្រី យីងឡាក់៕ ម៉ែវ សាធី


ចែករំលែក៖