វិស័យទេសចរណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើរតួនាទីយ៉ាងសំខាន់មួយជួយដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ ដោយក្នុងមួយឆ្នាំៗ កូរ៉េខាងត្បូងមានអ្នកទេសចរណ៍ជាច្រើនទៅកម្សាន្តនៅទឹកដីកូរ៉េខាងត្បូង ។
ប៉ុន្តែក្រោយការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងគ្រាប់បែកបរមាណូ របស់កូរ៉េខាងជើង បានធ្វើឲ្យអ្នកទេសចរណ៍មិនហ៊ានទៅកាន់ទីនោះ ដោយខ្លាចសង្គ្រាមកើតឡើង។ នៅពេលនេះដែរ កូរ៉េខាងត្បូងក៏បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ បាញ់គ្រាប់ពិត ជាការត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងកូរ៉េខាងជើង។
ភ្ញៀវទេសចរណ៍ជប៉ុន ទៅកាន់ទីក្រុងសេអ៊ូល មានទំនោរធ្លាក់ចុះ បើសិនជាភាពតានតឹង នៅលើឧបទ្វីបកូរ៉េកើនឡើង ដោយសារតែ ការធ្វើតេស្តគ្រាប់បែកអាតូមិច របស់ទីក្រុងព្យុងយ៉ាង ឬហានិភ័យ ភូមិសាស្ត្រនយោបាយដទៃទៀត បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរទី៦ ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។
យោងតាមអង្គការទេសចរណ៍កូរ៉េ (KTO) បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរជប៉ុន ទៅកាន់កូរ៉េខាងត្បូង បានធ្លាក់ចុះចំនួន ៥,៤ភាគរយស្មើនឹង ១៦៦០០០នាក់ក្នុងខែមេសា ដែលជាក្តីបារម្ភ ជុំវិញវិបត្តិនៅលើឧបទ្វីបនេះ។
ក្រៅពីនេះនៅមានភ្ងៀវទេសចរណ៍មកពីប្រទេសផ្សេងៗ ទាំងនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុប មិនហ៊ានចូលទៅកាន់កូរ៉េខាងត្បូងនោះឡើយ ដោយភាគច្រើនអ្នកទេសចរណ៍យល់ឃើញថា សង្គ្រាម អាចកើតឡើងគ្រប់ពេល ៕ ម៉ែវ សាធី