ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅមីយ៉ាន់ម៉ាអាចបង្កឲ្យអស្ថិរភាពក្នុងតំបន់

ចែករំលែក៖

នៅពេលដែលក្រុមភេរវកម្ម IS កំពុងតែអុកឡុកនៅក្នុងតំបន់អាស៊ានក្នុងនោះមានប្រទេសហ្វីុលីពីន ជាដើម ធ្វើឲ្យរដ្ឋា ភិបាល ហ្វុីលីពីនប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះក៏មានសង្គ្រាមវាយប្រហារក្រុមភេរវកម្មផងដែរ។ដោយហេតុនោះហើយសហគមន៍អន្តរជាតិ បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចអំពើហិង្សានៅរដ្ឋរ៉ាឃីន សហភាព មីយ៉ាន់ម៉ា ក្លាយជាឱកាស ដល់ក្រុមភេរ វកម្មជ្រៀតជ្រែក បង្កទៅជាសង្គ្រាមសម្លាប់មនុស្សជាច្រើននៅទីនោះ។

អំពើហិង្សា បានធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដេស ហើយជនភៀសខ្លួនទាំងនោះប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែភាគីបង់ក្លាដេសមិនព្រមទទួលជនភៀសខ្លួន។

ជាមួយគ្នានេះបណ្តាប្រទេសកាន់ សាសនាអ៊ិស្លាមបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមិនអាចដោះស្រាយបញ្ចប់អំពើហិង្សា ទុកឲ្យជន ជាតិអ៊ិស្លាមរ៉ូហីុងយ៉ា ជាច្រើនត្រូវរងទុក្ខ។

ពាក់ព័ន្ធនឹងករណីនោះដែរ អគ្គលេខា ធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នាពេលថ្មីៗនេះ បានអំពាវនាវឲ្យអាជ្ញាធរមីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សា នៅក្នុងរដ្ឋ Rakhine ដែលលោក បាន ព្រមានថា កំពុងបង្កើនស្ថានភាពមួយ ដែលអាចបង្កឲ្យមានអស្ថិរភាព នៅក្នុង តំបន់។

លោក បានប្រាប់អ្នកកាសែតថា លោក ទើបបានសរសេរលិខិត ជូនក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ បង្ហាញ ពីក្តីព្រួយ បារម្ភរបស់លោក និងស្នើឲ្យបោះ ជំហាន បញ្ចប់អំពើហិង្សានោះហើយនៅពេលត្រូវគេសួរ អំពីសកម្មភាពបោសសម្អាតជនជាតិភាគតិច លោកបានមានប្រសាសន៍ ថា “យើងកំពុង ប្រឈមមុខ នឹងហានិភ័យ តែខ្ញុំសង្ឃឹមថា យើងនឹងមិនធ្លាក់ទៅដល់ ទីនោះទេ”។

សូមជម្រាបផងដែរថា អំពើហិង្សាដ៏ថ្មី បំផុត ក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ានម៉ា បានចាប់ផ្តើម នៅថ្ងៃទី២៥ ខែសីហា នៅ ពេលដែលក្រុមបះបោររ៉ូហ៊ីងយ៉ា បានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសជាច្រើន និងមូល ដ្ឋានយោធា ចំនួនមួយ ហើយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ និងការវាយលុកប្រឆាំង របស់យោធា បានផ្ដាច់ជីវិតមនុស្សយ៉ាង តិចបំផុត ៤០០នាក់ និងបង្ខំឲ្យមនុស្ស ជាច្រើននាក់ទៀត ភៀសខ្លួនទៅប្រទេស បង់ក្លាដេស ៕ ម៉ែវ សាធី


ចែករំលែក៖