ព័ត៌មានទាន់ហេតុការណ៍៖

ការចាកចេញរបស់លោកស្រីយីងឡាក់ ជួយឲ្យនយោបាយថៃបន្ថយកម្តៅ

ចែករំលែក៖

 

ការចាកចេញរបស់លោកស្រីយីងឡាក់ នៅមុនពេលតុលាការប្រកាសសាលក្រម គឺជារឿងមួយយ៉ាងល្អប្រសើរ ជួយឲ្យស្ថានភាពនយោបាយនៅក្នុងប្រទេសថៃបន្ថយកម្តៅ។

តាមលទ្ធផលស្តង់មតិថ្មីបំផុត របស់បណ្តាញSuanDusit បានប្រកាសឲ្យដឹងថា ការចាកចេញរបស់លោកស្រីយីងឡាក់ បានធ្វើឲ្យ មានភាពស្ងប់ស្ងាត់បន្តិច នៅក្នុងឆាកនយោបាយ ប្រទេសថៃ។ តាមលទ្ធផលស្ទង់មតិទៅលើពលរដ្ឋ ប្រមាណជាង១០០០នាងបានបង្ហាញឲ្យឃើញថា មានជាង៨២ភាគរយយល់ឃើញនយោបាយថៃ បានបន្ថយកម្តៅ និងបន្ថយការប្រឈមមុខដាក់គ្នា រវាងគណបក្សនយោបាយ។

ជាមួយគ្នានេះ ពលរដ្ឋជាច្រើន ចង់មើលឃើញការផ្លាស់ប្តូរថ្នាក់ដឹកនាំ នៅក្នុង គណបក្សភឿថៃដើម្បីឈានទៅរកជ័យជំនៈនៅក្នុងការបោះឆ្នោតខាងមុខ។ ពលរដ្ឋដែលគាំទ្រ គណបក្សភឿថៃនៅតែបន្តគាំទ្រដដែល បើទោះបីបុគ្គលដែលខ្លួនស្រឡាញ់បានភៀសខ្លួនចេញពីប្រទេសហើយក្តី។

ដ្ឋាភិបាលថៃដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា បានស្នើដល់ប្រទេសចំនួន១៩០នៅជុំវិញពិភពលោក ជួយស្វែងរក និងចាប់ខ្លួនលោកស្រីយីងឡាក់អតីតនាយករដ្ឋមន្ត្រីថៃ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា រដ្ឋាភិបាលថៃ បានប្រកាសស្នើដល់១៩០ប្រទេសជួយស្វែងរកចាប់ខ្លួនលោកស្រីយីងឡាក់បញ្ជូនមកប្រទេសថៃវិញឲ្យបានមុនតុលាការប្រកាសសាលក្រម នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។

ស្នងការរង ប៉ូលិសថៃលោក WittayaPrayongpanបានឲ្យដឹងថាប៉ូលិសថៃបានផ្ញើរសំណើទៅកាន់១៩០ប្រទេសដើម្បីជួយស្វែងរកចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ។ លោក WittayaPrayongpanបានឲ្យដឹងថាប្រសិនបើទួទលបានព័ត៌មាន ស្តីពីការលាក់ខ្លួន នៅទីណានោះ ក្រសួងការបរទេសថៃនឹងដកហូតលិខិតឆ្លងដែនរបស់លោកស្រី។

កន្លងមក សារព័ត៌មានរ៉យទ័របានផ្សាយថា តាមប្រភពព័ត៌មានពីគណបក្សភឿថៃលោកស្រីយីងឡាក់ បានចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាបរួមជាទីកន្លែងដែលបងប្រុសរបស់លោកស្រី គឺលោកថាក់ស៊ីនភៀសខ្លួនរស់នៅទីនោះ។

តុលាការថៃបានពន្យារពេល ប្រកាសសាលក្រម ពីថ្ងៃទី២៥ ខែសីហាមកថ្ងៃទី២៧ខែកញ្ញា ក្រោយពេលលោកស្រីយីងឡាក់អវត្តមាននៅក្នុងពេលប្រកាសសាលក្រមដោយមេធាវីបញ្ចាក់ថា លោកស្រីឈឺមិនអាចមកបាន។

ការចាកចេញរបស់លោក ស្រីយីងឡាក់ គឺបានជួយឲ្យរដ្ឋាភិបាលយោធាមិនជួបនូវឧបសគ្គមានលក្ខណៈងាយស្រួលនៅក្នុងការរៀបចំដឹកនាំប្រទេសជាតិ។ប្រសិនបើលោកស្រីយីងឡាក់ត្រូវជាប់គុកវិញនោះ នយោបាយថៃនឹងក្តៅគគុកមិនអាចមានភាពស្ងប់ស្ងាត់បានឡើយ ។ ការចាកចេញរបស់លោកស្រីយីងឡាក់ ធ្វើឲ្យគាំទ្រ ក៏ដូចជាក្រុមអាវក្រហម មានការតក់ស្លុត និងធុញទ្រាន់ ចំពោះការចូលរួមក្នុងឆាក នយោបាយ។

លោក ThitinanPongsudhirakអគ្គនា យក មជ្ឈមណ្ឌលសន្តិសុខ និងស្រាវជ្រាវអន្តរជាតិ មកពីសាកលវិទ្យាល័យជូឡាឡុងកនបានបញ្ជាក់ថា «ហេតុការណ៍ខាងលើបានផ្តល់ផលប្រយោជន៍ជាច្រើនដល់រដ្ឋាភិបាលយោធាថៃ »។ ការបញ្ជូនលោកស្រី យីងឡាក់ ទៅដាក់គុក គឺមិនមែនជារឿង ងាយស្រួលឬជាដំណោះស្រាយនយោបាយល្អឡើយសម្រាប់សង្គមថៃ។

នៅពេលនេះ មិនទាន់មានអ្នកណាម្នាក់ ដឹងថាតើបុគ្គលមានអំណាចរូបណាដែលនៅពីក្រោយការចាកចេញរបស់លោកស្រីយីង ឡាក់នោះទេ។ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយនូវពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលយោធាបានបិទភ្នែក ទុកឲ្យលោក ស្រីចាកចេញដោយសុវត្ថិភាព ៕ ម៉ែវ សាធី

 


ចែករំលែក៖