ព័ត៌មានទាន់ហេតុការណ៍៖

ព្រលឹងចុងសក់រថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបុកបង្គោលភ្លើងបាក់សង្កត់លើរថយន្តមួយគ្រឿងចតស្ងៀម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុម្នាក់ៗភ័យស្លន់ស្លោ បន្ទាប់ពីមានស្នូរសំឡេងមួយយ៉ាងខ្លាំងជាច្រើនតង់ ក្រោយពីរថយន្តមួយគ្រឿងបានបោលទៅបុកបង្គោលភ្លើងស៊ីម៉ង់ត៌ បាក់ទៅលើរថយន្តមួយគ្រឿងទៀតនៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។

សមត្ថកិច្ច បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយជាប្រភេទរថយន្តដឹកទំនិញធុនធំ ដែលមានស្លាកលេខភ្នំពេញ ៤A-២២៥២ ជារថយន្តដឹកស៊ីម៉ង់ត៌ ធ្វើដំណើរពីបាត់ដំបង ទៅភ្នំពេញ តាមផ្លូវជាតិលេខ៥ នៅពេលដល់ចំណុចកើតហេតុ ក៏បានរេចង្កូតឡើងចិញ្ចើមផ្លូវខាងស្តាំដៃបុកបង្គោលភ្លើងថ្មធំ១ដើម បាក់ដួលសង្កត់ទៅលើរថយន្តមួយគ្រឿងទៀត ដែលកំពុងចតស្ងៀមបណ្តាលឲ្យខូចរថយន្តមួយកំណាត់មុខទាំងស្រុង ។ ចំណែកឯអ្នកបើកបរ និង ព្រូរថយន្ត កៀបជាប់នឹងរថយន្ត រងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តនេះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។

ករណីរថយន្តបុកបង្គោលភ្លើងនេះ ត្រូវបានប្រជាពលរដ្ឋសន្និដ្ឋានថា អាចមកពីអ្នកបើកបរងោកមួយភាំង ទើបជ្រុលទៅបុកបង្គោលភ្លើងដូច្នេះ ៕ ចន្ថា


ចែករំលែក៖