ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាផ្ទុះឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

កាលពីយប់ថ្ងៃទី១០ ខែកញ្ញា មានអំពើ ហិង្សាកើតឡើងនៅទីក្រុង Taungdwingyi ស្ថិតនៅភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថានៅ វេលាម៉ោង៨ យប់ថ្ងៃទី១០ ខែកញ្ញា មាន មនុស្សប្រមាណ៥០នាក់ ប្រមូលផ្តុំគ្នានៅលើដងផ្លូវមួយឆ្ពោះទៅកាន់ព្រះវិហារ អ៊ិស្លាម ដោយបានគប់ដុំថ្ម និងបំផ្លាញ ហាងលក់ទំនិញជាច្រើននៅតាមដងផ្លូវ ដែលពួកគេឆ្លងកាត់។

ក្រោយមក១ម៉ោង គឺនៅម៉ោង៩ ក៏ មានមនុស្សមួយក្រុមមានគ្នាប្រមាណ៧០នាក់កាន់កាំបិតកាំជ្រួច ដុំថ្មប្រមូលផ្តុំគ្នា នៅភាគខាងជើង ព្រះវិហារ អ៊ិស្លាម ដោយពេលនោះមានពលរដ្ឋប្រហែល៤០០នាក់នៅឈរមើលផងដែរ។

កម្លាំងទាហានមីយ៉ាន់ម៉ា បានសហការ ជាមួយកម្លាំងប៉ូលិស ដើម្បីគ្រប់គ្រងស្ថាន ការណ៍នៅទីនោះ ហើយបានអំពាវនាវ ដល់ពលរដ្ឋគោរពទៅតាមច្បាប់ បញ្ចៀសការបង្កចលាចលកាន់តែខ្លាំងថែមទៀត។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ ដែលគប់ដុំថ្ម បំផ្លាញហាងទំនិញនៅតាមផ្លូវ។

អំពើហិង្សាខាងលើកើតឡើង ក្នុងតំបន់ Magaway ស្របពេលដែលកម្លាំងទាហានមីយ៉ាន់ម៉ាបើកការវាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងរដ្ឋរ៉ាឃីន។

រដ្ឋាភិបាល របស់ប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលនូវការប្រកាសឈប់បាញ់គ្នារយៈពេលមួយខែ របស់ក្រុមបះបោរ រ៉ូហ៊ីងយ៉ា ដោយនិយាយថា ខ្លួននឹងមិន ចូលរួមចរចាជាមួយនឹងក្រុមភេរវករជា ដាច់ខាត។

យោងតាមប្រភពព័ត៌មាន ពីកាសែត អាមេរិក UPI បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ កន្លងទៅ ក្រុមប្រដាប់អាវុធទ័ពព្រៃ រ៉ូហ៊ីង យ៉ា បានប្រកាសតាមថា ខ្លួននឹងស្នើឲ្យ ផ្អាកប្រតិបត្តិការយោធា ពីថ្ងៃទី១០ ខែ កញ្ញា ដល់ថ្ងៃទី១០ ខែតុលា ដើម្បីអនុ ញ្ញាតឲ្យក្រុមសង្គ្រោះ ផ្តល់ជំនួយដល់ជន រងគ្រោះ ក្នុងជម្លោះហិង្សា នៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។

ប៉ុន្តែមន្ត្រីនាំពាក្យមីយ៉ាន់ម៉ា លោក Zaw Htay បានឲ្យបញ្ជាក់ឲ្យដឹងនៅថ្ងៃ អាទិត្យថា រដ្ឋាភិបាល នឹងមិនចូលរួមក្នុង បទឈប់បាញ់គ្នារបស់ក្រុមបះបោរឡើយ ដោយលោក បានសរសេរសារបង្ហោះ តាម បណ្ដាញសង្គមធ្វីតធើរថា “យើងគ្មាន គោលនយោបាយចរចាជាមួយពួកភេរវករនោះទេ”៕ ម៉ែវ សាធី


ចែករំលែក៖