ខេត្តពោធិ៍សាត់៖ មនុស្សស្រីប្រុចំនួន ៧នាក់បានធ្វើដំណើររួមគ្នាដោយរថយន្តម៉ាក កាមរី ១គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ បុកខណៈកំពុងធ្វើដំណើរបញ្រ្ចាសគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ ៥៥។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅមុនហេតុការណ៍បានកើតឡើងគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 0726 របស់ក្រុម ហ៊ុន(HC) បានធ្វើចរាចរណ៍់ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតបញ្រ្ចាសទិសមកបុករថយន្តម៉ាក តូយូតាកាមរី ពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាពីជើងឆ្ពោះទៅទិសខាងត្បូង បណ្ដាលឲ្យមនុស្សស្រីប្រុសរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ ដែលភាគីខាងរងរបួសទាំងអស់នេះដំណើររួមគ្នាដោយរថយន្តម៉ាក តូយូតាកាមរី។
ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួសទាំងចំនួន ៧នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ហើយបានរងរបួសធ្ងន់ចំនួន ៣នាក់ ស្រីចំនួន ២នាក់ របស់ស្រាលចំនួន ៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ភ្លាមៗផងដែរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បើទោសជាប្រភពខាងលើនេះមិនបានបញ្ជាក់អំពីអតសញ្ញាណជនរងរបួស និងជនបើកបង្កក្តី ប៉ុន្តែវត្ថុតាងរថយន្តទាំង ២គ្រឿង មន្រ្តីជំនាញបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន