ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ខណៈជិះម៉ូតូធ្វើដំណើរបញ្ច្រាសផ្លូវ ទៅបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ចំមុខយ៉ាងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ២៧១ ក្បែរនិងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានយុវជនរងគ្រោះម្នាក់ជិះម៉ូតូហង់ដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-5394 បានធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច(ក្នុងទិសដៅបញ្ច្រាស)ក្នុងល្បឿនលឿនល្មម ខណៈជិតដល់ស្ទុបក៏បានជិះរៀបឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 5A-0283 បានធ្វើដំណើស្របទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏បានបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង និងបានកិនពីលើថែមទៀត បណ្ដាលឲ្យម៉ូតូរងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯយុវជនម្នាក់ដែលជាម្ចាស់ម៉ូតូ បានរងរបួសយ៉ាងធ្ងន់រ ហើយម៉ូតូ ក៏ត្រូវបានរថយន្តកិនខ្ទេចកង់ខាងមុខយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុភ្លាមៗ តៃកុងរថយន្តបានឈប់រថយន្តនៅនិងកណ្ដាលផ្លូវ ហើយចុះរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកភាគីខាងម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗផងដែរ ។ បន្ទាប់ក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកវាស់វែង យករថយន្តក្រឡុកស៊ីម៉ង់ត៍ និងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ