ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសថាខ្លួនមានសិទ្ធិបាញ់ទម្លាក់យន្តហោះអាមេរិក ដែលហោះមកកៀកប្រទេសរបស់ខ្លួន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក RI Yong Ho កាលពីថ្ងៃទី២៥ ខែកញ្ញាបានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាបានប្រកាសធ្វើសង្គ្រាមជាមួយ កូរ៉េខាងជើង។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមានសិទ្ធបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់ អាមេរិកនៅដែនសមុទ្រអន្តរជាតិជិតកូរ៉េខាងជើង។

លោក Ri Yong ho មានប្រសាសន៍នៅក្នុងសន្និសីទកាសែតដ៏កម្រមួយក្នុងទីក្រុងញូវយ៉កអាមេរិកថា កូរ៉េខាងជើងនឹងបាញ់ទម្លាក់យន្តហោះអាមេរិក ប្រសិនបើហោះចូលដែនអាកាសកូរ៉េខាងជើងនោះ។

លោក Ri Yong ho បញ្ជាក់ថា «ពិភពលោកទាំងមូលត្រូវតែដឹងថា អាមេរិក គឺជាអ្នកប្រកាសសង្គ្រាមជាមួយយើងខ្ញុំ។ ចាប់តាំងពីអាមេរិកប្រកាសសង្គ្រាម យើងមានសិទ្ធគ្រប់គ្រាន់ក្នុងការការពារ ក្នុងនោះមានការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់អាមេរិកដេលហោះចូលក្នុងទឹកដីយើង»។

កាលពីថ្ងៃទី២៣ ខែកញ្ញា យន្តហោះទម្លាក់គ្រាប់អាមេរិកបានហោះហើរនៅក្នុងដែនអាកាសអន្តរជាតិ ស្ថិតនៅភាគខាងកើតប្រទេសកូរ៉េខាងជើង ដើម្បីបង្ហាញពីឥទ្ធិពលយោធារបស់អាមេរិកក្នុងការដាក់គំនៀបទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិលោក Ri Yong Ho បញ្ជាក់ថា ការប្រើប្រាស់មីស៊ីលបាញ់ទម្លាក់យន្តហោះ អាមេរិកគឺជារឿងមិនអាចគេចផុតឡើយបើអាមេរិកនៅតែមានសកម្មភាពបែបនេះ។

រឿងអាមេរិក និងកូរ៉េខាងជើងផ្គើនសម្ដីគ្នា មិនងាយបញ្ចប់ទេ ពេលនេះរឹតតែហួសថ្លែងទៅទៀត ដែលអាមេរិកបញ្ជូនយន្តហោះយោធាទៅក្បែរឆ្នេរកូរ៉េខាងជើង។ ដូចដែលប្រមុខការបរទេសរុស្ស៊ីបានលើកឡើង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មិនខុសពីក្មេងមតេយ្យសាលាទេ គឺសុទ្ធតែជើងខ្លាំងរៀងខ្លួនមិនចុះចាញ់គ្នាទេ។ យន្តហោះដែលអាមេរិកបញ្ជូនឲ្យទៅក្បែរឆ្នេរកូរ៉េខាងជើងថ្ងៃសៅរ៍ម្សិលមិញនេះ មានយន្តហោះទម្លាក់គ្រាប់បែក ប្រភេទB-1B ១គ្រឿង និងយន្តហោះប្រដេញ F-15 ១គ្រឿង។ យន្តហោះទាំង២ហោះនៅភាគខាងជើងតំបន់ដែលលែងមានសកម្មភាពយោធា ហោះក្បែរកូរ៉េខាងជើងបំផុតហើយ គិតក្នុងសតវត្សទី២១យើងនេះ។ អាមេរិកអះអាងថា ការហោះហើរនេះគឺដើម្បីផ្ញើសារច្បាស់លាស់មួយទៅកូរ៉េខាងជើង ថាប្រធានាធិបតីអាមេរិកមានជម្រើសយោធាច្រើន ក្នុងការប្រឈមនឹងការគំរាមកំហែង។ អាមេរិកបន្ថែមថា ត្រៀមខ្លួនបញ្ចេញសមត្ថភាពយោធា ដើម្បីការពារទឹកដីសហរដ្ឋអាមេរិក និងប្រទេសជាមិត្តនឹងអាមេរិក។

សូមបញ្ជាក់ថា ដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចប្រទេសកូរ៉េខាងជើងទាំងស្រុង ប្រសិនបើកូរ៉េខាងជើងហ៊ានវាយប្រហារអាមេរិក និងសម្ពន្ធមិត្ត។ ការហោះហើរយន្តហោះយោធាកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ ជាការគូសបញ្ជាក់ពាក្យពេចន៍គំរាមរបស់លោក ដូណាល់ ត្រាំ នេះឯង។ ក្រោយមានការហោះហើរយន្តហោះអាមេរិក លោក រី យ៉ុងហូ ជាប្រមុខការទូតកូរ៉េខាងជើង បានថ្លែងនៅអង្គការសហប្រជាជាតិចាត់ទុកលោក ត្រាំ ថាជាស្តេចភូតកុហកបោកប្រាស ហើយថា លោក ត្រាំ គំរាមសន្តិភាព និងរឹតតែធ្វើឲ្យកូរ៉េខាងជើងមិនអាចជៀសប្រើកាំជ្រួចទៅលើដែនដីអាមេរិកបានទៅទៀត។

នៅក្នុងព្រឹត្តិការពាក់ព័ន្ធនោះដែរ កាលពីថ្ងៃទី២៥ ខែកញ្ញា ចិនបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ បញ្ចៀសវិបត្តិកាន់តែធ្ងន់លើសពីសមត្ថភាពគ្រប់គ្រង។ នៅពេលនេះមិនត្រូវ «ចាក់សាំងចូលភ្លើង» ក្នុងពេលដែល លោក ត្រាំ និងលោក គីម ជុងអ៊ុន កំពុងតែធ្វើសង្គ្រាមពាក្យសម្តីនោះ៕ ម៉ែវ សាធី


ចែករំលែក៖