ព័ត៌មានទាន់ហេតុការណ៍៖

ក្របួចបានអ្នកដឹកថ្នាំញៀនឆ្លងកាត់គោលដៅត្រួតពិនិត្យបាន៤កញ្ចប់តូចនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ត្រូវចាប់ខ្លួនកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ទល់មុខវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលបុរស២រូបខាងលើនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆែកឆេរ រកឃើញមានការរក្សាទុកគ្រឿងញៀនខុសច្បាប់នៅជាប់នឹងខ្លួនពួកគេចំនួន៤កញ្ចប់តូច។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ៅ ប៊ុនតារា ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់ ជិះពីក្រោយរក្សាទុកថ្នាំញៀនក្នុងកាបូប និងឈ្មោះ ស៊ី ថាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកឌុប និងមានស្រុកកំណើតនៅខេត្តតាកែវ។ ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ថ-8643ភព-1។

សមត្ថកិច្ចបានប្រាប់ថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់នេះ ជិះម៉ុតូឌុបគ្នាឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយត្រូវកម្លាំងសមត្ថកិច្ចហៅត្រួតពិនិត្យ។ នៅពេលដែលឆែកឆេរខ្លួនគាត់ជនសង្ស័យម្នាក់ ក៏រកឃើញមានលាក់ទុកថ្នាំញៀនចំនួន៤កញ្ចប់តូច ភ្លាមនោះសមត្ថកិច្ចក៏ឃាត់ខ្លួនជាបណ្តោះអាសន្ននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសួរនាំ។ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច និងម៉ូតូ១គ្រឿងផង ដែរកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹកនាំដោយលោក តិម៉ា សោភា អភិបាលរងខណ្ឌដង្កោ លោកវរសេនីយ៍ទោ ឈឹម ប៊ុនរ័ត្ឋ អធិការរងនគរបាលខណ្ឌដង្កោ និងលោកបញ្ជាការរងមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ហើយក្នុងនោះកម្លាំងសរុបចូលរួមមាន៥៤នាក់ គឺនគរបាលខណ្ឌ១៩នាក់ កងរាជអាវុធខណ្ឌ១២នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ២៣នាក់៕ តាឡឹម


ចែករំលែក៖