ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ត្រូវកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ

ចែករំលែក៖

កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា តុលាការកំពូលថៃ បានចេញសាលក្រម លើរឿងក្តីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលរងការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការជំនួយតម្លៃស្រូវបង្កឲ្យខាតបង់ថវិកាជាតិជាច្រើន។ តុលាការបានសម្រេចកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ ដោយកំបាំងមុខ។

តាមការសម្រេចរបស់សាលក្រម លោកស្រី យីងឡាក់ បានខ្វះការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រង គោលនយោបាយ ជំនួយតម្លៃស្រូវអង្ករបង្កឲ្យខាតបង់ថវិកាជាតិគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយមានអំពើពុករលួយនៅក្នុងនោះ។ កន្លងមកតុលាការថៃ មានគម្រោងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែសីហាតែដោយសារតែលោកស្រី យីងឡាក់ អវត្តមាន ទើបពន្យារពេលរហូតដល់ ថ្ងៃទី២៧ ខែកញ្ញា។

ការចាកចេញរបស់លោកស្រី យីងឡាក់ ដោយសុវត្ថិភាព រដ្ឋាភិបាលយោធាថៃបានបញ្ជាក់ថា ការភៀសខ្លួនរបស់លោកស្រី គឺមានការជួយអន្តរាគមន៍ពីមនុស្ស១០នាក់ ក្នុងនោះមានប៉ូលិស៣នាក់ផងដែរ។

កាលពីថ្ងៃទី២៧ ខែកញ្ញា ក្នុងការប្រកាសសាលក្រម មានតែលោក Norrawit Larlaeng និងក្រុមប្រឹក្សាច្បាប់ របស់លោកស្រី យីងឡាក់ ចូលស្តាប់ការប្រកាសសាលក្រមខាងលើ ។ មេធាវី Norrawit បញ្ជាក់ថា មកទល់ពេលនេះ លោកក៏មិនបានដឹងថា កូនក្តីរបស់លោក នៅទីណានោះដែរ ប៉ុន្តែលោកមានវិធីសាស្ត្រក្នុងការផ្តល់សេចក្តីសម្រេចរបស់តុលាការដល់លោកស្រី ។

ក្នុងថ្ងៃជាមួយគ្នានោះ ពលរដ្ឋរាប់រយនាក់គាំទ្រលោកស្រី យីងឡាក់ បានប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ហើយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការសម្រេចដាក់ទោសធ្ងន់ពេក។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ សាស្ត្រាចារ្យ Charnvit Kasetsiri មកពីមហាវិទ្យាល័យ Thammasat បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីអសន្តិសុខនយោបាយនៅក្នុងប្រទេសថៃក្រោយសាលក្រមបានប្រកាស។ កម្រិតទោសទៅលើលោកស្រី យីងឡាក់ មិនខុសពីការព្យាករនោះឡើយ ។ ក្រុមអ្នកគាំទ្រ បង្ហាញការខកចិត្ត ថាលោកស្រី យីងឡាក់ មិនត្រូវដាក់ទោសធ្ងន់បែបនេះឡើយ។

នៅពេលនេះដែរនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan Ocha បានបញ្ជាក់ថា ពេលនេះលោកដឹងថា លោកស្រី យីងឡាក់ លាក់ខ្លួននៅក្នុងប្រទេសណា តែលោកមិនប្រកាសឡើយ មុនតុលាការសម្រេចសាលក្រម។

គណបក្សភឿថៃបានចាត់ទុកថា អ្វីដែលលោកស្រី យីងឡាក់ និងរដ្ឋាភិបាលរបស់លោកស្រីបានធ្វើ មិនមានអ្វីក្រៅពីការជួយដល់ពលរដ្ឋឆ្លងផុតពីភាពក្រលំបាកនោះឡើយ ហើយការដាក់ទោសនោះ គឺពិតជារឿងធ្ងន់ធ្ងរខ្លាំងណាស់៕ ម៉ែវ សាធី


ចែករំលែក៖