កាលពីថ្ងៃទី១ ខែតុលា ក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ពីសកម្មភាពវាយប្រហារដោយកាំបិត បណ្តាលឲ្យស្ត្រី២នាក់នៅទីក្រុងម៉ាកសី ប្រទេសបារាំង ស្លាប់។ ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ការវាយប្រហារខាងលើ គឺជាសកម្មភាពភេរវកម្ម ។
នៅក្នុងបណ្តាញផ្សព្វផ្សាយជាភាសាអារ៉ាប់មានឈ្មោះថា Amaq របស់ក្រុម IS បានចេញមុខទទួលស្គាល់ថា នេះជាសកម្មភាពវាយប្រហាររបស់ក្រុមខ្លួននៅទីក្រុងម៉ាកស៊ី ប្រទេសបារាំង។
ក្នុងថ្ងៃជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerard Collomb បានបញ្ជាក់ថា ការវាយប្រហារដោយកាំបិតខាងលើ អាចជាសកម្មភាពវាយប្រហារភេរវកម្ម។ មន្ត្រីសន្តិសុខបារាំង ក៏មិនទាន់ពិភាក្សាអ្វីជុំវិញហេតុការណ៍ខាងលើនោះនៅឡើយ។
អភិបាលក្រុងម៉ាកស៊ី លោក Jean Claude Gaudin និងកម្លាំងសន្តិសុខក៏បានបញ្ជាក់ផងដែរថា នេះជាសកម្មភាពវាយប្រហារភេរវកម្ម។ នៅមុនពេលបាញ់សម្លាប់ ជនដៃដល់បានស្រែកពាក្យស្លោកថា Allahu Akbar (ព្រះ អាល់ឡោះដ៏អស្ចារ្យ)។
ប៉ូលិសបារាំងបានប្រកាសថា កាលពីថ្ងៃទី១ ខែតុលា បុរសម្នាក់កាន់កាំបិតវាយប្រហារទៅលើអ្នកដំណើរនៅស្ថានីយរថភ្លើងក្នុងទីក្រុងម៉ាកស៊ី ភាគខាងត្បូងប្រទេសបារាំង បណ្តាលឲ្យស្ត្រី២នាក់ស្លាប់។ ប៉ូលិសយាមល្បាត ក៏បានផ្ទុះអាវុធ សម្លាប់ជនដៃដល់។ កម្លាំងប៉ូលិសប្រឆាំងភេរវកម្ម ក៏បានបើកការស្រាវជ្រាវទៅលើសកម្មភាពវាយប្រហារខាងលើ។
បារាំងនៅតែរក្សាច្បាប់អាសន្នចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពេលក្រុមភេរវកម្មបានធ្វើសកម្មភាព ទៅលើក្លិបរាត្រីពហុកីឡដ្ឋាន និងរោងភាពយន្ត បណ្តាលឲ្យមនុស្សជាង១៣០នាក់ស្លាប់។ ក្រោយហេតុការណ៍នោះ បារាំងបានបើកយុទ្ធនាការ Sentinelle ដោយដាក់ពង្រាយកម្លាំងទាហាន ជាង៧មុឺននាក់នៅទូទាំងប្រទេស ការពារទីតាំងសំខាន់ៗ ដែលងាយរងការវាយប្រហារ៕ ម៉ែវ សាធី