ព័ត៌មានទាន់ហេតុការណ៍៖

សិស្សមធ្យមសិក្សា៩ខេត្ត ក្នុងចំណោម២៥រាជធានី-ខេត្ត ទទួលបានសូន្យមេដាយ

ចែករំលែក៖

ភ្នំពេញ៖ បើទោះបី ក្រសួងអប់រំយុវជន និងកីឡា បានធ្វើកំណែទម្រង់ លើវិស័យអប់រំកាយ និងកីឡា រួចហើយក្តី ប៉ុន្តែ កីឡាដែលស្ថិតក្នុងកម្មវិធីសិក្សា របស់ក្រសួងអប់រំនៅមិនទាន់បានឆ្លើយតបតាមការចង់បានរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ដដែល ដែលជាសេនាធិការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាជាតិ សម្រាប់ត្រៀម ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ដោយមានអត្តពលិក ដែលជាសិស្សានុសិស្ស មធ្យមសិក្សា មកពី២៥រាជធានី ខេត្តទូទាំងប្រទេស ។

តាមរបាយការណ៍ របស់នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និសិ្សត បានបង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃទី២ខែតុលាឆ្នាំ២០១៧ កន្លងទៅ អត្តពលិក មកពី រាជធានី ខេត្តចំនួន១៦តែប៉ុណ្ណោះ ដែលទទួលបាន មេដាយ មាស ប្រាក់ និងមេដាយសំរឹទិ្ធ ចំណែកឯអត្តពលិកកីឡាសិស្សមធ្យមសិក្សាមកពីខេត្តចំនួន៩ផ្សេងទៀត ពុំទានមានមេដាយ សូម្បីតែមួយគ្រឿង ។ ដូចជា អត្តពលិកមកពីខេត្តព្រៃវែង, បន្ទាយមានជ័យ, មណ្ឌលគិរី, ព្រះវិហារ, ព្រះសីហនុ, ក្រចេះ, កំពង់ស្ពឺ, ប៉ៃលិន និង កោះកុង ។

នៅមុនការប្រកួត លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បើកការប្រកួតថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ធ្វើឡើងក្នុងគោលដៅសំខាន់ៗចំនួន៣ គឺ ទី១- ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីចំរ៉ាញ់កីឡាករកីឡាការិនីឆ្នើម ត្រៀមបញ្ជូនទៅចូលរួមប្រកួតកីឡាសិស្ស និស្សិតអន្តរជាតិ ។ ទី២-សម្រាប់ត្រៀមចូលរួមប្រកួតកីឡាជាតិ ឆ្នាំ២០១៨ និងទី៣-សម្រាប់ត្រៀមលក្ខណៈកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ ។

គួរបញ្ជាក់ថា ប្រភេទកីឡាទាំង៦រួមមាន កីឡាអត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ មានកីឡាករ១.៥០៥នាក់ កីឡាការិនី ១០៦០នាក់ ។ ប្រកួតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅទីរួមខេត្តកំពង់ចាម ៕ សារីម


ចែករំលែក៖