តាមការស្ទង់មតិរបស់សារព័ត៌មាន AP និងមជ្ឈមណ្ឌលស្រាវជ្រាវ NORC បានបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋអាមេរិកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាក់ចុះយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រ ដោយមានអ្នកគាំទ្រ តែ៣២ភាគរយប៉ុណ្ណោះ។
នៅក្នុងការស្ទង់មតិខាងលើ ពលរដ្ឋអាមេរិកមានតែ៣២ភាគរយប៉ុណ្ណោះ គាំទ្រលោក ត្រាំ នៅក្នុងការដឹកនាំប្រទេសជាតិ ក្រោយរយៈ៩ខែ និងពលរដ្ឋអាមេរិកដល់ទៅ៦៧ភាគរយមិនពេញចិត្តនឹងការដឹកនាំរបស់លោក ត្រាំ។ ចំនួនពលរដ្ឋគាំទ្រធ្លាក់ចុះជាបន្តបន្ទាប់ គឺចាប់តាំងពី៤២ភាគរយ នៅសល់តែ៣២ភាគរយប៉ុណ្ណោះ។
លោក ត្រាំ មិនទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកភាគច្រើន ដោយសារតែពលរដ្ឋបានយល់ឃើញថា លោក ត្រាំ មិនយល់អ្វីពីតម្រូវការរបស់ពលរដ្ឋអាមេរិក។ កន្លងមកពលរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតី ត្រាំ ដែលធ្វើព្រងើយចំពោះ Pureto Rico ក្រោយរងការវាយប្រហារដោយគ្រោះធម្មជាតិ។
លោក ត្រាំ ក្លាយទៅជាគោលដៅវាយប្រហារក្រោយពេលដែលលោក ត្រាំ ថ្កោលទោសអភិបាលក្រុង San Juan និងមន្ត្រីផ្សេងទៀតនៅ Puerto Rico ពីសកម្មភាពជួយសង្គ្រោះស្តារឡើងវិញ ក្រោយរងការវាយប្រហារដោយព្យុះម៉ារៀរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា វិវាទបានចាប់ផ្តើមនៅពេលដែលលោក Carmen Yulin Cruz អភិបាលក្រុង San Juan ជាទីក្រុងធំបំផុតនៅ Puerto Rico កាលពីថ្ងៃទី២៩ ខែកញ្ញា បានថ្កោលទោស ប្រធានាធិបតី ត្រាំ មិនបានជួយដល់ជនរងគ្រោះដោយព្យុះម៉ារៀរ ទាន់ពេលវេលា។ ១ថ្ងៃក្រោយមក លោក ត្រាំ បានប្រើប្រាស់ពាក្យសម្តីឌឺដងវាយប្រហារវិញនៅតាមបណ្តាញសង្គម Twitter របស់លោក។
សូមបញ្ជាក់ផងដែរថា ពលរដ្ឋដែលរស់នៅលើទឹកដីអាមេរិកភាគច្រើន ជាជនអន្តោប្រវេសន៍ បើទោះបីមានដើមកំណើតកើតនៅលើទឹកដីអាមេរិកពិតមែន តែពីជីដូចជីតា ក៏ជាជនភៀសខ្លួនទៅកាន់អាមេរិកផងដែរ ដូចជាអតីតប្រធានាធបតី អូបាម៉ា ជាដើម។ ទាំងនោះហើយ បើប្រធានាធិបតីអាមេរិករូបណា បានផ្តល់អាទិភាពដល់ជនភៀសខ្លួន នោះនឹងទទួលបានការគាំទ្រខ្ពស់។ ចំណែកលោក ត្រាំ វិញ មិនត្រឹមតែមិនគាំទ្រនោះទេ ថែមទាំងបណ្តេញជនភៀសខ្លួននៅអាមេរិកចេញទៀតផង។ ទាំងនោះហើយ ធ្វើឲ្យពលរដ្ឋជាច្រើនធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយដែលមិនយល់ពីសុខទុក្ខរបស់ពលរដ្ឋអាមេរិក៕ ម៉ែវ សាធី