ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ទីស្នាក់ការ គណៈកម្មាធិការអូឡាំពិកកម្ពុជា មានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលរៀបចំដោយ Nocc សហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដើម្បីបំប៉នបច្ចេកទេសដល់គ្រូបង្វឹកចាប់ពីថ្ងៃទី២ ដល់ទី៦ ខែតុលា ឆ្នាំ២០១៧។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន្តបានបញ្ជាក់ថា សិក្ខាកាម២៥នាក់ មកពីក្លិបត្រពាំងឈូក កង់ហោះ សាន់ប៊ែ គ្រួសាររីករាយ ងកជន តាខ្មៅ និងក្លឹបនៅខេត្តសៀមរាប។ មួយវិញទៀត ការបង្រៀនបច្ចេកទេសនេះដែរ គឺបង្រៀនដោយលោក Ramlan Latiff អ្នកជំនាញការដែលមានកម្រិតខ្ពស់ UCI ជនជាតិសិង្ហបុរី។ ឆ្លងកាត់ការសិក្សារយៈពេលប៉ុន្មានថ្ងៃមកនេះ សិក្ខាកាមទាំងអស់ទទួលបាននិទ្ទេស៣កម្រិត គឺនិទ្ទេសល្អ មាន៣នាក់ និទ្ទេសល្អបង្គួរមាន១៧នាក់ និងនិទ្ទេសមធ្យមមាន៥នាក់។
លោកបានបន្តថា នេះជាការសិក្សាល្អមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់គុណភាពគ្រូបង្វឹកនិងកីឡាករ កីឡាការិនីកម្ពុជាឱ្យយល់បានច្រើនពីកីឡាទោចក្រយានកម្ពុជា។ បើសិនជាមានការបង្រៀនដូច្នេះច្រើន សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងសង្ឃឹមកាន់តែច្រើនចំពោះការប្រកួតលើឆាកអន្តរជាតិផ្សេងៗទៀតនៅពេលខាងមុខ៕ សារីម