កូរ៉េខាងជើងជាប្រទេសអាថ៌កំបាំង ជាងគេបំផុតលើពិភពលោក សូម្បីតែក្រុម ចារកម្ម ល្បីៗលើពិភពលោក ក៏មិនអាច ដឹងប្រាកដថា កូរ៉េខាងជើង មានកម្លាំង យោធា និងអាវុធ ច្រើននិងខ្លាំងប៉ុណ្ណោះដែរ គឺបានត្រឹមតែស្មានប៉ុណ្ណោះ។
អ្វីដែលពិភពលោកភ្ញាក់ផ្អើលនោះគឺ កូរ៉េខាងជើង មានទីតាំងយោធា នៅក្រោម ដីធំបំផុតលើពិភពលោក ដោយមានជាង ៧.០០០ទីតាំងនៅគ្រប់ទិសទី ក្នុងប្រទេស អាចជួយកម្លាំងទាហានលាក់ខ្លួន ដើម្បី វាយប្រហារ បើមានសង្គ្រាមកើតឡើង ។ ចំណុចទាំងនោះហើយបានជាកូរ៉េខាង ជើង មិនដែលខ្លាចធ្វើសង្គ្រាមបរមាណូ ជាមួយអាមេរិក។
តាមរបាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាង ជើង មានទីតាំងយោធានៅក្រោមដីជាង៧ពាន់កន្លែងនិងឃ្លាំងគ្រាប់ ឃ្លាំងផ្ទុកស្បៀង អាហារ នៅក្រោមដីនិងក្រោមភ្នំ ជាច្រើន កន្លែងទៀត។
តាមរបាយការណ៍ បណ្តាវិស្វករកូរ៉េ ខាងជើង បានបង្កើតទីតាំងក្រោមដីមាន ជម្រៅជ្រៅ ក្រោយសង្គ្រាម ឧបទ្វីបឆ្នាំ ១៩៥០-១៩៥៣ ។កូរ៉េខាងជើង បានប្រើប្រាស់រូងក្រោមដីដើម្បីលាក់បាំង អាវុធនិង យោធារបស់ខ្លួន ចំពោះការវាយប្រហារ របស់សត្រូវ។
សារព័ត៌មាន National Interest បាន ផ្សាយថា កម្លាំងទាហានអាមេរិកនិងកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៧៤បានរកឃើញផ្លូវក្រោមដីដ៏ធំមានជម្រៅដល់ទៅ១គីឡូ ម៉ែត្រ ស្ថិតនៅក្នុងតំបន់ គ្មានយោធា ព្រំ ដែនប្រទេសទាំងពីរ ។
តាមព័ត៌មានពីទាហានកូរ៉េខាងជើង មួយរូប ដែលបានភៀសខ្លួន ទៅកាន់កូរ៉េ ខាងត្បូង បានឲ្យដឹងថា ផ្លូវក្រោមដីមាន ប្រវែង ជាង ១,៥គីឡូម៉ែត្រ បានសាងសង់ រួចរាល់កាលពីឆ្នាំ១៩៧៨ ។ចាប់តាងពី ពេលនោះមក មានរូងក្រោមដីចំនួន៤ត្រូវបានរកឃើញ។ នៅក្នុងរូងក្រោមដីមាន ប្រព័ន្ធភ្លើង និងខ្យល់គ្រប់គ្រាន់។ ជាមួយ នឹងរូបក្រោមដីទាំងនោះ អាចជួយដល់កម្លាំងទាហានកូរ៉េខាងជើង ចូលទៅកាន់ ទឹកដីកូរ៉េខាងត្បូងបានយ៉ាងឆាប់រហ័ស ដោយប្រើពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
ភាពតានតឹង កើនឡើងនៅឧបទ្វីបកូរ៉េក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បង គ្រាប់បែកបរមាណូអុីដ្រូហ្សែន និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយអាចបំពាក់ក្បាលគ្រាប់បរមាណូ ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា អាមេរិកអាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីបញ្ចប់ កម្មវិធីបរមាណូ របស់កូរ៉េខាងជើង ដោយកិច្ចពិភាក្សា នឹង គ្មានប្រសិទ្ធភាពនោះឡើយ។
ក្រុមអ្នកវិភាគលើកឡើងថា ដោយសារ តែកូរ៉េខាងជើង មានទីតាំងក្រោមដីជា ច្រើន ក៏ដូចជាស្ថានីយរថភ្លើងក្រោមដី នៅកណ្តាលទីក្រុងព្យុងយ៉ាង អាចជួយ ពលរដ្ឋលាក់ខ្លួនដោយសុវត្ថិភាព ពេល មានសង្គ្រាមបរមាណូកើតឡើង ។ទាំង នោះហើយបានជាកូរ៉េខាងជើង ប្រកាសធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ បើកូរ៉េខាងជើងរងការវាយប្រហារដោយ បរមាណូក៏មិនអាចធ្វើឲ្យកូរ៉េខាងជើងចុះចាញ់នោះដែរ ទាហានដែលបានលាក់ខ្លួន នៅក្រោមដី អាចបន្តវាយបកទៅលើ អាមេរិក គ្រប់ពេល។
ក្រៅពីទីតាំងយោធាកូរ៉េខាងជើងក៏មានស្ថានីយរថភ្លើងនៅក្រោមដី ដែលអាចការពារពលរដ្ឋប្រទេសនេះរួចផុតពីក្តីស្លាប់ ដែលរដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថាជាវត្ថុទិព្វ ការពារខ្លួន។
«វត្ថុទិពវ»របស់កូរ៉េខាងជើង នាពេល នេះ គឺ ប្រព័ន្ធស្ថានីយរថភ្លើង ក្រោមដី ដែលមានជម្រៅដល់ទៅ១១០ម៉ែត្រ ក្នុងដី នៅកណ្តាលទីក្រុងព្យុងយ៉ាង ត្រូវបានកូរ៉េ ខាងជើង សាងសង់ឡើងក្នុងគោលដៅ ផ្សេងគ្នា អាចប្រើប្រាស់សម្រាប់ ធ្វើជា លេណដ្ឋានសម្រាប់លាក់ខ្លួនពេលមាន សង្គ្រាមបរមាណូកើតឡើង។
សារព័ត៌មានដេលីម៉ែលបានផ្សាយថា ការសាងសង់ ស្ថានីយរថភ្លើង នៅកណ្តាល ទីក្រុងព្យុងយ់ាង របស់កូរ៉េខាងជើង តាំង ពីឆ្នាំ១៩៦៨ ហើយសម្ពោធនៅឆ្នាំ ១៩៧៣។ ពលរដ្ឋនៅទីក្រុងព្យុងយ៉ាង អាចប្រើប្រាស់ ទីតាំង មានជម្រៅក្រោមដី ១១០ម៉ែត្រ នោះធ្វើជាកន្លែងលាក់ខ្លួនយ៉ាងសុវត្ថិភាព ក្នុងពេលដែលមានសង្គ្រាមបរមាណូកើតឡើងជាមួយអាមេរិក។
ក្រុមអ្នកឯកទេសបញ្ជាក់ថា ដោយ សារតែកូរ៉េខាងជើង មានទីតាំងលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើង ទើបប្រទេសនេះមិនខ្លាចការវាយប្រហារដោយបរមាណូពីអាមេរិកឡើយ។ ទាំងនោះ ហើយទើប មេដឹកនាំគីម ជុងអ៊ុន ប្រកាស ថា ទីក្រុងព្យុងយ៉ាង«មិនដែលខ្លាច » ចំពោះសកម្មភាពយោធារបស់អាមេរិកមកលើកូរ៉េខាងជើងឡើយ។
អ្នកឯកទេសថតរូប Eric Lafforgue បានថតរូបជាច្រើន នៅក្នុងប្រព័ន្ធរថភ្លើងក្រោមដីដ៏អាថ៌កំបាំង របស់ទីក្រុងព្យុង យ៉ាង នៅពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ប្រទេសអថ៌កំបំាងមួយនេះ។ លោកបានបញ្ជាក់ថា ប្រព័ន្ធរថភ្លើងក្រោម ដីនេះ មាន ស្ថានីយរថភ្លើងដល់ទៅ១៧ស្ថានីយផ្សេងគ្នា ដោយ សំបុត្រធ្វើដំណើរតាមរថភ្លើងនោះស្មើ (កន្លះដុល្លារ)អាមេរិកប៉ុណ្ណោះ។
លោក Eric Lafforgue បញ្ជាក់ទៀត ថា«សបុត្ររថភ្លើង ត្រូវ ត្រួតពិនិត្យដោយម៉ាស៊ីនស្វ័យប្រវត្តិ ប៉ុន្តែពេលខ្ញុំទៅម៉ាស៊ីនមិនដំណើរការ ត្រូវត្រួតពិនិត្យដោយ មនុស្ស» ។
លោក Eric Lafforgue បន្តទៀតថា ស្ថានីយរថភ្លើង ទាំង ១៧កន្លែងនៅក្នុង ប្រព័ន្ធរថភ្លើងក្រោមដី មានឈ្មោះផ្សេងៗ គ្នា ដូចជា «សមមិត្ត, ផ្កាយក្រហម, សេរី ភាព , ជ័យជម្នះ ,ឋានសួគ៌…ជាដើម មិនដាក់តាមឈ្មោះ មេដឹកនាំដូចកន្លែង ផ្សេងៗឡើយ។ ការធ្វើដំណើរចុះក្រោម ១១០ម៉ែត្រ ចំណាយពេលតែតិចតួច ប៉ុណ្ណោះ ហើយនៅខាងក្នុងមានអារម្មណ៍ដូចស្ថិតនៅក្នុងខ្សែភាពយន្ត ពេលចូល ដល់ឮតែចម្រៀងបដិវត្តន៍ និងចំរៀង ស្នេហាជាតិ។
រូបភាពដែល អ្នកឯកទេសថតរូប Eric Lafforgue បានប្រកាស ក្នុងពេលដែល កូរ៉េខាងជើងនិងអាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នា ស្ទើរតែផ្ទុះសង្គ្រាម ។ មេដឹកនាំទាំងពីរ ដូណាល់ ត្រាំ និងគីម ជុងអ៊ុន ពេលនេះកំពុងតែធ្វើសង្គ្រាមពាក្យសម្តីដាក់គ្នា។
ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង តាមការលើកឡើង របស់អ្នកជំនាញ ម្នាក់បានឲ្យដឹងថា រូបភាពផ្កាយរណបថ្មី មួយបានបង្ហាញថា ប្រទេសផ្ដាច់ការកូរ៉េ ខាងជើង កំពុងត្រៀមរៀបចំសម្រាប់ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែល មានមូលដ្ឋានលើនាវាមុជទឹក ស្របពេល កំពុង មានភាពតានតឹងខ្លាំង រវាងអាមេរិក នឹងកូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះ មីស៊ីលផ្លោងឆ្លងទ្វីប ដោយជោគជ័យ របស់រដ្ឋកុម្មុយនីស្ត នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧កន្លងមក៕ ម៉ែវ សាធី