ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃទី១០ ខែតុលាបានផ្សាយថា «ភេរវកម្មទូរស័ព្ទ» ដែលអូសបន្លាយរយៈពេលជាង១ខែកន្លងមកធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ជាង១លាន នាក់នៅទីក្រុង ចំនួន១៤០ទូទាំងប្រទេស។
សារព័ត៌មានរុស្ស៊ី RIA Novosti បាន ដកស្រង់ប្រភពព័ត៌មានពី ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីដែលបានឲ្យដឹងថា ចាប់ តាំងពីថ្ងៃទី១១ ខែកញ្ញា មកទល់ថ្ងៃទី១១ ខែតុលា មានទីតាំងសាធារណៈ២.៣៤០ កន្លែង នៅទីក្រុង ចំនួន១៤៤ទូទាំងប្រទេស ទទួលរងការគំរាមកំហែងតាមទូរស័ព្ទពី ការវាយប្រហារភេរវកម្ម ធ្វើឲ្យមនុស្សជាង ៩៦០.០០០នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃ ទី៩ខែតុលា ពលរដ្ឋរាប់សិបពាន់នាក់ បានជម្លៀសចេញពី អគាររដ្ឋ សាលារៀន ចំណតរថយន្ត រថភ្លើង សណ្ឋាគារ ផ្សារ ទំនើប ដោយសារតែមានការគំរាម បំផ្ទុះ គ្រាប់បែកតាមទូរស័ព្ទ។
កាលពីថ្ងៃទី៦ ខែតុលា មានទីតាំង រដ្ឋ ចំនួន២៥០កន្លែងទទួលរងការគំរាមកំហែង វាយប្រហារ ដោយគ្រាប់បែកធ្វើឲ្យពលរដ្ឋត្រូវជម្លៀសចេញជាបន្តបន្ទាប់។មកទល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវរុស្ស៊ីបាន រកឃើញថា ការគំរាមវាយប្រហារតាម ទូរស័ព្ទគ្រាន់តែជាការ «លេងសើច» ។ ក្រុមសន្តិសុខរុស្ស៊ីបានបញ្ជាក់ថា សកម្មភាព ខាងលើបានធ្វើឲ្យខាតបង់ទឹកប្រាក់រហូត ដល់ទៅ៣០០លានរូប្លិ៍។
ក្រុមចារកិច្ចរុស្ស៊ីបានបញ្ជាក់ថា ការ គំរាមតាមទូរស័ព្ទគំរាមខាងលើ មានទាំង ទូរស័ព្ទក្រៅប្រទេសទៀតផង ក្នុងនោះ មានទូរស័ព្ទមកពីប្រទេសបែលហ្សុិក។ ក្រុមសន្តិសុខរុស្ស៊ីបានរកឃើញថា មាន ពលរដ្ឋរុស្ស៊ី៤នាក់ដែលរស់នៅក្រៅប្រទេសបានធ្វើការហៅទូរស័ព្ទគំរាមខាងលើ។ ក្រៅពីនេះនៅមាន ពលរដ្ឋមកពីប្រទេស អ៊ុយក្រែនផងដែរ៕ ម៉ែវ សាធី