ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះនៅក្នុងការបាញ់ប្រហារក្នុងទីក្រុងឡាសវេ ហ្គាសប្តឹងសណ្ឋាគារដែលអនុញ្ញាតឲ្យជនដៃដល់ជួលបន្ទប់

ចែករំលែក៖

និស្សិតរងរបួសម្នាក់នៅក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុងឡាសវេហ្គាស បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់សណ្ឋាគារ Mandalay Bay និង អ្នកគ្រប់គ្រងកម្មវិធី ប្រគំតន្ត្រី ដែលខ្វះការទទួលខុសត្រូវត្រួតពិនិត្យសន្តិសុខ ឈានដល់ការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ។

នារីឈ្មោះ Paige Gasper អាយុ២១ ឆ្នាំ កាលពីថ្ងៃទី១១ ខែតុលា បានដាក់ ពាក្យបណ្តឹងប្តឹង ម្ចាស់កម្មវិធីនិងម្ចាស់ សណ្ឋាគារនៅទីក្រុងឡាសវេហ្គាស ជា​កន្លែងដែល រងការបាញ់ប្រហារសម្លាប់ មនុស្ស៥៩នាក់ កាលពីថ្ងៃទី១ ខែតុលា។ ជនដៃដល់ឈ្មោះ Stephen Paddock បាញ់ប្រហារពីលើសណ្ឋាគារជាន់ទី៣២ ទៅលើហ្វូងមនុស្សដែលកំពុងតែ សប្បាយ នៅក្នុងការប្រគំតន្ត្រី។

ពាក្យបណ្តឹងបានចោទប្រកាន់ក្រុម សន្តិសុខសណ្ឋាគារ មិនអាចទប់ស្កាត់ ការបាញ់ប្រហារ ទាន់ពេលឬកាត់បន្ថយ អ្នកស្លាប់ ដោយក្រុមសន្តិសុខបានទៅដល់បន្ទប់ជនដៃដល់ពេល៦នាទីក្រោយការ បាញ់ប្រហារ។

ជនរងគ្រោះឈ្មោះ Paige Gasper បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរៀបចំការ ប្រគំតន្ត្រី Live Nation Entertainment Inc មានការធ្វេសប្រហែសដោយមិនមានច្រកផ្លូវអាសន្ន និងក៏គ្មានការហ្វឹកហាត់ដល់ សន្តិសុខក្នុងពេលមានអាសន្នដែរ ។ មក ទល់ពេលនេះក្រុមហ៊ុនរៀបចំខាងលើ មិនទាន់មានប្រតិកម្មអ្វីនោះឡើយ។ ប៉ុន្តែអ្នកឯកទេសផ្លូវច្បាប់ បានលើកឡើង​ថា ការប្តឹងរបស់ជនរងគ្រោះខាងលើពិបាកសម្រេច ដោយសារតែក្រុមហ៊ុនរៀបចំមិនបានដឹងពីហេតុការណ៍ខាងលើកើតឡើងនោះឡើយ ។

មេធាវីជនរងគ្រោះបានបញ្ជាក់ថា កូនក្តីរបស់ខ្លួនមិនមានបំណង ប្តឹងទារ ប្រាក់នោះឡើយ ប៉ុន្តែគឺប្តឹងចង់ឲ្យម្ចាស់ សណ្ឋាគារក៏ដូចជាអ្នករៀបចំកម្មវិធីមាន ការកែទម្រង់សន្តិសុខឲ្យបានល្អជាងនេះជៀសវាងហេតុការណ៍កើតឡើងជាថ្មី៕ ម៉ែវ សាធី


ចែករំលែក៖