ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអីុរ៉ាក់ប្រើធម៌ក្តៅទៅលើមេដឹកនាំគួដឌីស្ថាន ដែលរៀបចំបោះឆ្នោតទាមទារឯករាជ្យ

ចែករំលែក៖

ក្នុងពេលដែលរដ្ឋាភិបាល កំពុងតែរវល់នៅក្នុងសង្គ្រាមដណ្តើមទឹកដីជាមួយក្រុមភេរវកម្ម IS ក្រុមជនជាតិភាគតិច គឺជន ជាតិឃើដ(គួដឌីស្ថាន)បានរៀបចំបោះឆ្នោតប្រជាមតិទាមទារឯករាជ្យចេញពី ប្រទេសអីុរ៉ាក់ ជាសកម្មភាពដែលរដ្ឋាភិបាល អីុរ៉ាក់បានចាត់ទុកថាជារឿងខុសច្បាប់។ ប្រទេសនៅក្នុងតំបន់ក៏បានជំទាស់ទៅនឹងសកម្មភាពខាងលើនេះផងដែរ។

ការបោះឆ្នោតនោះមិនត្រូវបានរដ្ឋាភិបាល អីុរ៉ាក់ទទួលស្គាល់ឡើយមិនតែ ប៉ុណ្ណោះតុលាការ នៅទីក្រុងបាដាដ ប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី១១ខែតុលា បានចេញដីកា បញ្ជាឲ្យគេចាប់ខ្លួន មនុស្សសំខាន់បីនាក់ ដែលបានផ្តួចផ្តើម គំនិត រៀបចំការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យឲ្យតំបន់ស្វយ័ត គួដឌីស្ថាន នៅអុីរ៉ាក់។ នេះបើតាមអ្នកនាំពាក្យរបស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអុីរ៉ាក់ ដែលបាននិយាយប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP។

ក្នុងចំណោមមនុស្សទាំង៣នាក់ ដែលតុលាការអុីរ៉ាក់ចេញបញ្ជាឲ្យចាប់ខ្លួននោះ មានម្នាក់ជាប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ នៅគួដឌីស្ថាន កាលពីថ្ងៃទី ២៥កញ្ញាកន្លង ទៅ។ លោកHendren Saleh ត្រូវប្រឈមនឹងការចាប់ខ្លួនជាមួយសមាជិកពីររូបផ្សេងទៀតរបស់គណៈកម្មការបោះឆ្នោត។

តុលាការអុីរ៉ាក់ ចេញដីកាឲ្យចាប់ខ្លួន អ្នករៀបចំការបោះឆ្នោតប្រជាមតិ នៅគួដ ឌីស្ថាន ទៅតាមបណ្តឹងរបស់ក្រុមប្រឹក្សា សន្តិសុខជាតិ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអុីរ៉ាក់។ ដីការបស់តុលាការអុីរ៉ាក់ មានសុពលភាពតែនៅលើក្រដាស តែគ្មាន សុពលភាពនៅតំបន់ស្វយ័ត គួដឌីស្ថាន ជាទីដែលទាហានអុីរ៉ាក់ គ្មានវត្តមាន ឬ គ្មានអំណាចអ្វីសោះនោះឡើយ។

តំបន់ស្វយ័ត គួដឌីស្ថានគ្រប់គ្រង ដោយរដ្ឋាភិបាល និងទាហានប្រយុទ្ធ គួដ ឈ្មោះPeshmergasតែប៉ុណ្ណោះ។ អាច និយាយបានថា ដីការបស់តុលាការអុីរ៉ាក់ អាចមានប្រសិទ្ធភាពចាប់ជនត្រូវចោទ ​ប្រកាន់ទាំងបីបានតែនៅពេលណាពេល ​ពួកគេធ្វើដំណើរនៅក្រៅតំបន់ស្វយ័ត គួដឌីស្ថានតែប៉ុណ្ណោះ ពោលគឺខណៈ ​​​ ​ពេលដែលពួកគេធ្វើដំណើរចេញចូលទៅពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអុីរ៉ាក់តែប៉ុណ្ណោះ។

រដ្ឋាភិបាលអុីរ៉ាក់ដែលប្រកាសចាត់ទុក លទ្ធផល និងការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យនៅគួដឌីស្ថានថា ខុសនឹងច្បាប់ រដ្ឋធម្មនុញ្ញអុីរ៉ាក់ បានចាត់វិធានការគ្រប់វិធីដើម្បីដាក់គំនាបទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយលើអាជ្ញាធរគ្រប់គ្រងតំបន់ ស្វយ័ត គួដឌីស្ថាន។ នៅថ្ងៃចន្ទ ដើម សប្តាហ៍នេះ រដ្ឋាភិបាលក្រុងបាដាដបានប្រកាសទាមទារយកមកវិញ នូវប្រាក់ចំណូលដែលបានមកពីការនាំចេញប្រេង និងការ បង់ពន្ធរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត ដែល រហូតមក គ្រប់គ្រង ដោយរដ្ឋាភិបាល តំបន់ស្វយ័ត គួដឌីស្ថាន។ នាយករដ្ឋមន្រ្តីអុីរ៉ាក់បានទាមទារផងដែរ ឲ្យប្រទេសក្នុង តំបន់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយគួដឌីស្ថាន ក្នុងគោលដៅ បិទខ្ទប់ដង្ហើមសេដ្ឋកិច្ចតំបន់នេះទាំងស្រុង។ ក្រៅតែពីអុីរ៉ង់ ដែលសន្យាផ្អាកពាណិជ្ជកម្មទិញដូរប្រេង ជាមួយ អាជ្ញាធរគួដឌីស្ថាននៅអុីរ៉ាក់នៅថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅ រដ្ឋាភិបាល ទួរគីឯណោះវិញ ដែលបារម្ភខ្លាច ប្រជាជនឃើដនៅទួរគីយកគំរូតាមការបោះឆ្នោត ប្រជាមតិទាមទារឯករាជ្យនៅគួដឌីស្ថាន បានគំរាមបិទខ្ទប់ លែងឲ្យមានការនាំចេញប្រេងពីគួដឌីស្ថានទៅប្រទេសទួរគី៕ ម៉ែវ សាធី


ចែករំលែក៖