ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងអ៊ីស្រាអែលបំផ្លាញប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅស៊ីរី

ចែករំលែក៖

យន្តហោះចម្បាំងអ៊ីស្រាអែល ដែលបានបំពេញភារកិច្ចយាមល្បាតនៅដែនអាកាសប្រទេសលីបង់ បានបាញ់បំផ្លាញ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី ដោយអ៊ីស្រាអែលបានចោទប្រកាន់ថា ស៊ីរី បានបាញ់មីស៊ីលមុន។

សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានអាកាសអ៊ីស្រាអែល កាលពីថ្ងៃទី១៦ ខែតុលា បានប្រកាសថា យន្តហោះចម្បាំងអ៊ីស្រាអែលបានយាមល្បាតនៅលើដែនអាកាសប្រទេសលីបង់ ហើយរងការបាញ់ដោយមីស៊ីលការពារដែនអាកាស។ យន្តហោះបានគេចពីមីស៊ីលដោយជោគជ័យ ហើយក៏វាយបកទៅលើទីតាំងដែលបាញ់មីស៊ីលបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីនៅក្នុងទីក្រុង Damascus ។ អាកាសយានិក និងយន្តហោះមានសុវត្ថិភាពវិលត្រឡប់មកកាន់ទីតាំងវិញដោយជោគជ័យក្រោយហេតុការណ៍ខាងលើ។

ភាគីអ៊ីស្រាអែលបានទម្លាក់កំហុសទៅលើរដ្ឋាភិបាលស៊ីរី ដែលបានបាញ់ទៅលើយន្តហោះរបស់ខ្លួនមុន ប៉ុន្តែភាគីអ៊ីស្រាអែលមិនបាន បង្ហាញពីភស្តុតាងច្បាស់លាស់នោះឡើយ។ ចំណែករដ្ឋាភិបាលស៊ីរីក៏មិនទាន់ប្រតិកម្មអ្វីជុំវិញ ហេតុការណ៍ខាងលើនៅឡើយ។

កម្លាំងទាហានការពារអ៊ីស្រាអែលបានប្រកាសថា «កម្លាំងទាហាន បានរក្សាគោលជំហរត្រៀមលក្ខណៈវាយប្រហារសត្រូវជានិច្ច ដែលចង់បង្កហេតុ គំរាមកំហែង ទៅលើពលរដ្ឋរបស់ខ្លួន»។ ការបាញ់ប្រហារកន្លងមកនេះ មិនមានបំណងចង់ឲ្យស្ថានភាពកាន់តែអាក្រក់នោះឡើយ ។

មកទល់នឹងពេលនេះ គេមិនទាន់ដឹងថា អុីស្រាអែល បានប្រើប្រាសយន្តហោះប្រភេទណាក្នុងការវាយប្រហារបំផ្លាញ ប្រព័ន្ធមីស៊ីលការពារខាងលើនោះឡើយ។ កម្លាំងទាហានស៊ីរីមានប្រព័ន្ធមីស៊ីលការពារដែនអាកាស ចំនួន៦២ប្រព័ន្ធ ក្នុងនោះមានប្រព័ន្ធមីស៊ីល Pansir S1 និង Buk –M1 ដែលទិញពីប្រទេសរុស្ស៊ី។ ក្រៅពីនេះនៅមានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-200 ដែលមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសលោកខាងលិច ដូចជាយន្តហោះ F-35, F-22។

ក្រៅពីនេះ រុស្ស៊ីក៏បានលក់ឲ្យស៊ីរីនៅមីស៊ីលការពារ S-300 ,S -400។ ប៉ុន្តែប្រព័ន្ធមីស៊ីលទាំងនោះ គឺទុកការពារទាហានរុស្ស៊ី និងទីតាំងយោធានៅក្នុងទឹកដីស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖