លោក Mauricio Pochettino អ្នកចាត់ការទូរទៅក្លិបមាន់ខ្នាយមាស Tottenham Hotspurបានថ្លែងថា ខ្សែប្រយុទ្ធ Harry Kane នឹងលេងឲ្យក្រុមអង់គ្លេសរយៈពេលយូរ រហូតដល់ចូលនិវត្តន៍ដូច Francesco Totti របស់ Roma ដែលបានចំណាយពេលពេញអាជីពលេងតែក្លិបរបស់អ៊ីតាលី។
អ្នកចាត់ការជនជាតិអាហ្សង់ទីនបានថ្លែងមុនជំនួប Real Madrid នៅកីឡដ្ឋាន Santiago Bernabeuថា “ឃើញHarry Kaneគេមានអារម្មណ៍ក្ដុកក្ដួលមែនទែនពេល គេទស្សនាការប្រកួតចុងក្រោយរបស់ Totti នៅ Roma ។ ខ្ញុំគិតថា រឿងរ៉ាវនេះនឹងជំរុញទឹកចិត្តរបស់គេ ហើយខ្ញុំសង្ឃឹមថា គេនឹងលេងនៅ Tottenham រហូតដល់ថ្ងៃព្យួរស្បែកជើង” ។
លោក Mauricio Pochettinoបាននិយាយបន្តទៀតថា “អ្វីដែលសំខាន់នៅពេលនេះ គឺគាត់សប្បាយចិត្តនៅក្នុងក្លិប Tottenhamនាពេលបច្ចុប្បន្ន ហើយពុំមានអ្នកណាម្នាក់ដឹងថា នឹងមានរឿងអ្វីកើតឡើងនោះទេនៅពេលអណាគត” ។
គួរបញ្ជាក់ថា Harry Kaneបានចេញពីសាលាបាល់ទាត់របស់ក្លិប Tottenham តែម្តង ហើយកំពុងតែមានទម្រង់លេងយ៉ាងល្អ ខណៈដែលមានការចាប់អារម្មណ៍ចង់ទិញពីក្លិប Real Madrid ផងដែរ ៕ ដេវីត