ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនឹងមិនចរចាឡើយរហូតដល់មានសមត្ថភាពគ្រប់គ្រាន់វាយប្រហារសហរដ្ឋអាមេរិក

ចែករំលែក៖

កូរ៉េខាងជើងមិនព្រមអង្គុយតុចរចាជាមួយអាមេរិក ឡើយរហូតដល់ប្រទេសនេះ មានសមត្ថភាពគ្រប់គ្រាន់សិនគឺមានកាំជ្រួចមីស៊ីលឆ្លងទ្វីប និង គ្រាប់បែកបរមាណូ អាចវាយប្រហារគោលដៅនានាក្នុងទឹកដីអាមេរិក ទើបអាចឈានទៅចរចាជានួយ អាមេរិកបាន។

សារព័ត៌មាន CNN បានផ្សាយថា ការប្រកាសខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃទី១៧ ខែតុលា ។ មន្ត្រីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា«មុនពេលអាចអង្គុយតុពិភាក្សា ជាមួយរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ យើងសូមបញ្ជាក់ឲ្យបានច្បាស់ថា គឺទាល់តែកូរ៉េខាងជើង មានសមត្ថភាព​ការពារនិងវាយលុកទៅលើអាមេរិក ទើប មានកិច្ចពិភាក្សាកើតឡើង »។

មន្ត្រីកូរ៉េខាងជើង បានបញ្ជាក់ទៀតថា កូរ៉េខាងជើងនឹងបន្ត ផលិតកាំជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយអាចវាយប្រហារទៅលើទីតាំងរបស់អាមេរិកក្នុងនោះមានទីក្រុង ញូវយ៉កនិង វ៉ាស៊ីនតោន។

ចំពោះការប្រកាសខាងលើរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក John Sullivan បានប្រកាសថា អាមេរិកនិង សម្ពន្ធមិត្តជប៉ុន កូរ៉េខាងត្បូង នឹងបន្តប្រើប្រាស់អាវុធសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យកូរ៉េខាងជើងអង្គុយតុពិភាក្សា ។

ប៉ុន្តែលោក John Sullivan បានព្រមាន​ថា« អាមេរិកនិងប្រទេសសម្ពន្ធមិត្ត ជប៉ុន និងកូរ៉េខាងត្បូង បានត្រៀមលក្ខណៈ សម្រាប់ស្ថានភាពអាក្រក់បំផុត «សង្គ្រាម» នៅពេលដែលដំណោះស្រាយ តាមរយៈ កិច្ចការបរទេសបរាជ័យនោះ។

ក្នុងពេលជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក លោក Ahn Ho Young បានប្រកាសថា អាមេរិក នឹងប្រើប្រាស់វិធីសាស្ត្រយោធា នៅពេលដែល អស់ជម្រើសហើយនោះ។ គោលដៅនៃការដាក់ទណ្ឌកម្មរបស់អាមេរិក គឺដើម្បីដោះស្រាយវិបត្តិបរមាណូកូរ៉េខាងជើងដោយសន្តិភាព។ រដ្ឋមន្ត្រីការពារ ជាតិ លោក James Mattis និងរដ្ឋមន្ត្រីការ បរទេស អាមេរិកលោក Rex Tillerson ក៏ មានទស្សនៈដូចគ្នានោះដែរ។

បើទោះបីបែបណាក្តី ប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំ បានបង្ហាញ ពីការមឹុងម៉ាត់ ចំពោះបញ្ហាកូរ៉េខាងជើង ។ លោកត្រាំធ្លាប់បានព្រមានថា«ការចរចា មិនមែនជាវិធីសាស្ត្រ សម្រាប់ វិបត្តិនៅ កូរ៉េខាងជើងឡើយ ហើយបញ្ហាកូរ៉េខាងជើងក៏មិនស្ថិតនៅយូរបែបនេះដែរ»។

អ្នកនាំពាក្យសេតវិមានអាមេរិក បាន បញ្ជាក់ថា កូរ៉េខាងជើងនឹងក្លាយជាឧបសគ្គធំរបស់អាមេរិក ប្រសិនបើកម្មវិធីកាំជ្រួច មីស៊ីលរបស់ប្រទេសនេះមានការរីកច្រើនជាងថ្ងៃនេះនោះ»។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើឯកអគ្គរដ្ឋទូត កូរ៉េខាងជើង ប្រចាំនៅ អង្គការសហប្រជាជាតិ លោក Kim In Ryong បានប្រកាសថា«សង្គ្រាមបរមាណូ អាចនឹងកើតឡើងគ្រប់ពេលវេលា ដោយ សារតែភាពតានតឹង រវាងអាមេរិកនឹង កូរ៉េខាងជើង ដែលឈានដល់កម្រិតខ្ពស់ បំផុត។

លោក Kim In Ryong បានបញ្ជាក់ថា កូរ៉េខាងជើងមានសិទ្ធិ ផលិតអាវុធ បរមាណូក្នុងគោលដៅការពារ ដោយសារ​តែទីក្រុងព្យុងយ៉ាង បាន ប្រឈមនឹងការ គំរាមកំហែងជាបន្តបន្ទាប់ពីអាមេរិក ចាប់ តាំងពីឆ្នាំ១៩៧០មកទល់ពេលនេះ៕ ម៉ែវ សាធី


ចែករំលែក៖