ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនទទួលបានជ័យជំនៈក្នុងការបោះឆ្នោត កាលពីថ្ងៃទី២២ខែតុលា

ចែករំលែក៖

ដូចអ្វីដែលក្រុមអ្នកឯកទេសរំពឹងទុក គឺជ័យជំនៈបានទៅលើនាយករដ្ឋមន្ត្រីជប៉ុនហ្ស៊ីនហ្ស៊ូ អាបេ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២២ ខែតុលា ។ លោកស៊ីនហ្ស៊ូអាបេ បានក្លាយជាមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោកយូរបំផុត។

ទូរទស្សន៍BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ការបោះឆ្នោតជាសកល កាលពីថ្ងៃអាទិត្យ ជាលទ្ធផល លោកនាយករដ្ឋមន្ត្រី Shinzo Abe បានទទួលសម្លេងគាំទ្រយ៉ាងខ្លាំងក្លា ក្រោយការបោះឆ្នោតបានបញ្ចប់ទៅជាស្ថាពរ ។ ចំណែកសារព័ត៌មានNHK បានអះអាងថា គណបក្សរបស់លោក Abe បានទទួលសម្លេងគាំទ្រ ដល់ទៅ៣១២កៅអី ក្នុងចំណោម៤៦៥ គៅអីក្នុងសភា គឺស្មើទៅនឹង២ភាគ ៣ នៃសម្លេងសរុប ដែលជាលទ្ធផលឈ្នះ យ៉ាងកងរំពងលើការបោះឆ្នោតជាតិរបស់ជប៉ុន ។

គួរឲ្យដឹងទៀតដែរថា ក្រោយទទួលបានព័ត៌មាននៃជ័យជំនះដ៏អស្ចារ្យនេះ លោក Abe បានថ្លែងថា លោកនឹងបន្ត ធ្វើការងារជាពិសេស ទៅលើបញ្ហាជាមួយនឹងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង។

ជាមួយនឹងការគ្រប់គ្រងរដ្ឋសភា រហូតដល់ទៅ២ភាក៣ លោកស៊ីនហ្ស៊ូ អាបេ ងាយស្រួលក្នុងការអនុវត្តគោលនយោបាយផ្សេងៗ ពិសេសគឺគោលនយោបាយសេដ្ឋកិច្ច និងយោធា។ ក្នុងរយៈពេលដែលលោកអាបេ កាន់អំណាច សេដ្ឋកិច្ចជប៉ុន កើនឡើងជារៀងរហូត។ ចំណែកអ្នកដែលគ្មានការងាធ្វើ បានធ្លាក់ចុះក្រោម៣ភាគរយ។

ក្រុមអ្នកវិភាគវាយតម្លៃថា លោក ស៊ីនហ្ស៊ូ អាបេ បានដើរមួយជំហ៊ានយ៉ាងត្រឹមត្រូវ នៅពេលដែលរំលាយរដ្ឋសភា បោះឆ្នោតជាថ្មី ។ ការរៀបចំរបស់លោកធ្វើឡើង ក្នុងពេលដែលមានពលរដ្ឋគាំទ្រកាន់តែច្រើន។

ជាមួយនឹងជ័យជំនៈខាងលើ លោកស៊ីនហ្ស៊ូអាបេ អាចនឹងបន្តទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ជ្រើសរើសមេបក្សនៅខែកញ្ញា ឆ្នាំ២០១៨ ហើយប្រសិនបើលោកទទួលបានជ័យជំនៈទៀតនោះ លោកនឹងត្រូវកាន់តំណែងនាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២១៕ ម៉ែវ សាធី


ចែករំលែក៖