មកទល់ពេលនេះ ព្យុះសង្ឃរាមានឈ្មោះថា Lan បានវាយប្រហារទីក្រុងសេដ្ឋកិច្ចដ៏សំខាន់ តូក្យូ បានសម្លាប់មនុស្សពីរនាក់ និងធ្វើឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល ព្រមទាំងសេវាកម្មរថភ្លើងផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក តូយ៉ូតា ក៏បានប្រកាសបិទទ្វារទាំងអស់នៅពេលព្យុះវាយប្រហារ។
នៅពេលនេះ ព្យុះទីហ្វុង Lan ដែលបានថមថយឥទ្ធិពលពីកំពូលព្យុះទីហ្វុងនោះ នៅតែរក្សាកម្រិតគ្រោះថ្នាក់ខ្លាំងក្នុងពេលស្ថិតនៅជាព្យុះកម្រិតទី៣ ហើយវាបានបន្ត បោកបក់ភាគខាងជើង និងបានវាយប្រហារទីក្រុងតូក្យូ របស់ជប៉ុន និងតំបន់ជុំវិញទីក្រុងកាលពីព្រឹកថ្ងៃចន្ទ។ ព្យុះនេះ បានវាយប្រហារទីក្រុង តូក្យូបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ ព្រមទាំងបណ្តាលឲ្យជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ត្រូវលុបចោល ចំណែកសេវារថភ្លើងល្បឿនលឿន ក៏ត្រូវលុបចោលដូចគ្នាដែរ។
បើតាមសារព័ត៌មាន Japan Times បានផ្សាយថា ជើងហោះហើរភាគច្រើនចេញពីព្រលានយន្តហោះ Narita និងព្រលានយន្តហោះផ្សេងទៀត នៅក្នុងតំបន់ទីក្រុង ក៏ត្រូវបានលុបចោល ខណៈដែលសាលារៀន ត្រូវបានបិទទ្វារ ហើយសេវាកម្មគ្រាអាសន្នរបស់ជប៉ុន បានប្រកាសឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ពីការបាក់ដី, ខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង។
ពាក់ព័ន្ធនឹងព្យុះនេះដែរ នៅតំបន់ដីគោកត្រូវបានគេដឹងថា មានហានិភ័យខ្ពស់នៃការរអិលបាក់ដី និងទឹកជំនន់ ខណៈដែលព្យុះទីហ្វុងត្រូវបានគេឲ្យឈ្មោះថា ជាព្យុះទី២១ នៃរដូវកាលបច្ចុប្បន្ន គឺវាបានវាយលុកចូលទៅក្នុងប្រជុំកោះល្បឿន ខ្យល់ដល់ទៅ ១២០ម៉ាយ ក្នុងមួយម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ២៨អ៊ីញ នៅទីតាំងមួយចំនួន ក្នុងរយៈពេល៤៨ម៉ោង។ ជាមួយគ្នានោះដែរ សេវាកម្មរថភ្លើងល្បឿនលឿន ‘Shinkansen’ ក៏ត្រូវបានរំខានផងដែរ ហើយខ្សែរថភ្លើងជាច្រើន ត្រូវបានលុបចោល។
នៅពេលនេះដែរ ក្រុមហ៊ុន Toyota Motor Corp នឹងផ្អាកការប្រតិបត្តិការនៅគ្រប់រោងចក្រដំឡើង នៅជប៉ុន ដោយអ្នកនាំពាក្យម្នាក់ បាននិយាយថា រួមទាំងក្រុមហ៊ុន របស់ក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនចាប់ពីព្រឹកថ្ងៃចន្ទ ជាវិធានការប្រុងប្រយ័ត្ន ជាព្យុះទីហ្វុង ដ៏មានឥទ្ធិពលមួយឆ្ពោះទៅរកដីគោករបស់ប្រទេសជប៉ុននេះ បើយោងតាម ការចេញផ្សាយពីគេហទំព័រ japantodayនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
មនុស្សរាប់ម៉ឺននាក់នៅទូទាំងប្រទេសជប៉ុនត្រូវបានគេណែនាំឲ្យជម្លៀសចេញ ជើងហោះហើររាប់រយ ត្រូវលុបចោល ហើយសេវាកម្មផ្លូវដែកបានបង្អាក់កាលពីថ្ងៃអាទិត្យ នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង នៅទូទាំងប្រទេស៕ ម៉ែវ សាធី