ការដែលលោកស៊ី ជីនពីងចាប់ឆ្នោត ដឹកនាំចិន មួយអាណត្តិ៥ឆ្នាំទៀត គឺជា ជោគជ័យមួយយ៉ាងធំធេង សម្រាប់ពល រដ្ឋចិន ។ ប៉ុន្តែ គឺជាការបាត់បង់របស់កូរ៉េ ខាងជើង ក្នុងពេលដែលចិនរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ចនិងកាត់ផ្តាច់ជាមួយកូរ៉េ ខាងជើង ។
ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអបអរសាទរ លោកប្រធានា ធិបតីចិន ស៊ី ជីនពីង (Xi Jinping) ដែលបានជាប់ឆ្នោតឡើងវិញ ជាប្រមុខបក្ស កម្មុយនីស្ដចិន ដោយសម្តែងនូវការរីករាយ ចំពោះចំណងទាក់ទងទ្វេភាគីកាន់ត ែប្រសើរឡើង នេះបើតាមទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
លោក គីម ជុងអ៊ុន បានផ្ញើសារអបអរ សាទរដល់លោកស៊ី បន្ទាប់ពីមេដឹកនាំចិន រូបនេះត្រូវបាន គេបោះឆ្នោតឲ្យធ្វើជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅក្នុងសមាជគណបក្ស ចុងក្រោយរបស់ប្រទេសនេះបើយោងតាមភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េ (KCNA) ។
សារលិខិតនេះ បានសម្តែងការជឿ ជាក់ថា ទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ នឹងអភិវឌ្ឍនៅក្នុង ផលប្រយោជន៍ របស់ប្រជាជន នៃប្រទេស ទាំងពីរ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ គណបក្សកុម្មុយ នីស្តចិន បានបោះឆ្នោតបន្តតំណែងលោក ស៊ី ជីនពីង ជាអគ្គលេខាធិការបក្សអាណត្តិ ទីពីរ រយៈពេល៥ឆ្នាំទៀត។ ជាមួយនឹងការបន្តតំណែងអគ្គលេខាធិការបក្ស លោកស៊ី ជីនពីងក៏នឹងត្រូវបន្តកាន់តំណែងប្រធានាធិបតីអាណត្តិថ្មីរយៈពេល៥ឆ្នាំ ចាប់ពីខែ មីនា ឆ្នាំ ២០១៨។ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្ស ក៏ត្រូវបានផ្លាស់ប្តូរសមាសភាពថ្មីស្ទើរតែ ទាំងស្រុង ប៉ុន្តែគេហាក់ដូចជាមើលមិនឃើញថាឥស្សរជនណាម្នាក់នឹងក្លាយជាអ្នកស្នងតំណែងលោកស៊ី ជីនពីង នាថ្ងៃអនាគត សោះ។
គេបានស្គាល់អត្តសញ្ញាណឥស្សរជនដ៏មានឥទ្ធិពលនិងអំណាចខ្លាំងបំផុតរបស់ចិន ដែលជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សហើយ ! ក្រៅពីលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីលី ខឺ ឈាំង សមាជិកគណៈកម្មាធិការ៥នាក់ ផ្សេងទៀតត្រូវផ្លាស់ចេញប្តូរថ្មីទាំងអស់។
មានន័យថាលោក ស៊ី ជីនពីង បាន សម្រេចបំណង ក្លាយជាមេដឹកនាំបក្ស ដែលគ្មានចរន្តផ្សេងមកប្រជែងឡើយ ជាលើកទីមួយ។ ឥទ្ធិពលរបស់អតីត ប្រធានបក្ស និងអតីតប្រធានាធិបតី ហូ។ ជិនតាវ ត្រូវចប់ត្រឹមថ្ងៃនេះ ព្រោះសមាជិក ថ្មី សុទ្ធសឹងជាមនុស្សជំនិត និងជាស្រមោលរបស់លោកប្រធានាធិបតីទាំងអស់ !
អមដោយសមាជិកថ្មី នៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្សថ្មី មានជាអាទិ៍ លោក Wang Yang, Han Zheng, Zhao Leji, Li Zhanshu, Wang Huning និងWang Yang លោក ស៊ីជីនពីង បានសន្យាប្រឹងប្រែងឱ្យកាន់ខ្លាំងថែមទៀតក្នុងការដឹកនាំប្រទេស និងបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រហូតគ្មានថ្ងៃឈប់ ដើម្បីជម្រុះមេរោគដែល បំផ្លាញស្រទាប់បក្ស។
ផ្ទុយពីការបំប៉ោងព័ត៌មានមុនការបើកសមាជ បុរសខ្លាំងប៉េកាំងបន្តគោរពច្បាប់ កម្រិតអាយុកាលចូលនិវត្តន៍ ដែលហាមឃាត់មិនឱ្យឥស្សរជនអាយុលើសពី៦៨ឆ្នាំ ជាប់ឈរនៅក្នុងការិយាល័យនយោបាយបក្សនោះទេ។ តើនេះជាសញ្ញាប្រាប់ថា លោក ស៊ី ដែលនឹងមានអាយុ៦៩ឆ្នាំ នៅឆ្នាំ ២០២២ នឹងត្រូវចាកចេញពីស្ថាប័នកំពូលមួយនេះដែរ និងមិនតោងអំណាចឱ្យលើសពីពីរអាណត្តិ?
គ្មានអ្វីជាប្រាកដទេ ! ព្រោះមកទល់ ពេលនេះ គេមើលមិនឃើញអ្នកដែលគួរ មកបន្តតំណែងពីលោកស៊ី ជីនពីងសោះ។ លោក ឆេន មិន អឺរ អាយុ៥៧ឆ្នាំ ដែលអ្នកវិភាគសម្លឹងឃើញថាមានសក្តានុពលខ្លាំងអាចក្លាយជាកូនស្នងរាជ្យនោះ មិនអាចលោតផ្លោះរំលងគេឯងមកចូលការិយាល័យនយោបាយឡើយ។ លោក ស៊ី ជីនពីង ចេះគិតវែងឆ្ងាយ មិនចង់បែងចែកអំណាច មិនចង់មាននរណានៅពីក្រោយខ្នងចាំដេញយកតំណែងទេ។ អ្នកដែលមានសក្តានុ ពលអាចមកបន្តតំណែងពីលោក ត្រូវប្រឹង ប្រកួតប្រជែងគ្នា ហើយលោករក្សាសម្ពាធលើគ្រប់ឥស្សរជននយោបាយគ្រប់រូប ក្តាប់អំណាចយ៉ាងពេញដៃរយៈពេល៥ឆ្នាំ ឬ ១០ឆ្នាំ ដោយគ្មានជាប់ជើង៕ ម៉ែវ សាធី