ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ខ្លាចលោកត្រាំធ្វើផ្តេសផ្តាស តំណាងរាស្ត្រអាមេរិកស្នើច្បាប់រារាំងលោកត្រាំវាយប្រហារកូរ៉េខាងជើង

ចែករំលែក៖

ដោយខ្លាចលោកត្រាំ ដែលជាប្រធានា ធិបតី ដែលគេដឹងថា មាន«ចិត្តក្តៅឆេវឆាវ» មិនអាចទប់អារម្មណ៍ពីការឌឺដងរបស់កូរ៉េខាងជើងបាន ក៏បើកការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង ទាំងកំរោល តំណាងរាស្ត្រអាមេរិក បានស្នើចេញច្បាប់ រារាំងលោកត្រាំ វាយប្រហារកូរ៉េខាងជើង ។ ការស្នើច្បាប់ខាងលើធ្វើឡើងដោយ តំណាង រាស្ត្រគណបក្សប្រជាធិបតេយ្យ លោក John Conyers នៅក្នុងរដ្ឋសភា និងលោក Ed Markey នៅក្នុងព្រឹទ្ធសភា។

កាលពីថ្ងៃទី២៦ខែតុលា ក្រុមអ្នក បង្កើតច្បាប់ នៅទីក្រុងវ៉ាស៊ីនតោន បាន បង្ហាញពីច្បាប់ រារាំងលោកត្រាំ វាយ ប្រហារកូរ៉េខាងជើង បើគ្មានការឯកភាព ពីសភានោះ។

នៅក្នុងគម្រោងច្បាប់ថ្មីនោះមានឈ្មោះថា «មិនអាចវាយប្រហារដោយខុសច្បាប់ទៅលើកូរ៉េខាងជើង ឡើយ» ។ ច្បាប់ទាំង នោះ រួមមានទាំងការ កាត់បន្ថយការចំណាយទៅលើក្រសួងការពារជាតិ ដើម្បីរារាំងប្រធានាធិបតីអាមេរិកបើកការវាយប្រហារ ដោយមានការសម្រេច លើប្រធានាធិបតី ។ ប្រសិនបើច្បាប់ខាងលើត្រូវបានអនុម័តនោះ បើចង់វាយប្រហារកូរ៉េខាងជើង ចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោត សម្រេច ពីសភាជាមុន។

លោក Conyers បានបញ្ជាក់ថា«ក្នុង នាមខ្ញុំជាអតីតទាហានធ្លាប់ធ្វើសង្គ្រាមនៅក្នុងប្រទេសកូរ៉េខាងជើង ខ្ញុំពិតជាខកចិត នៅពេលដែល មេបញ្ជាការជាន់ខ្ពស់ «ប្រធានាធិបតី»មានសកម្មភាពប្រថុយ អាចបង្ករគ្រោះថ្នាក់ដល់ទាហានអាមេរិកនៅកូរ៉េខាងត្បូងនិងជប៉ុន ក៏ដូចជាសម្ពន្ធ មិត្តនៅក្នុងតំបន់»។

លោក Conyers បានបញ្ជាក់ទៀតថា «ទាំងនោះជាហេតុផលដែលយើងចង់ឲ្យចេញច្បាប់ខាងលើ បើប្រធានាធិបតីចង់បើកការវាយប្រហារ គឺចាំបាច់ត្រូវតែទទួលបានការយល់ព្រមពីរដ្ឋាសភាជាមុន»។

ក្រុមអ្នកគាំទ្រចេញច្បាប់ខាងលើបានលើកឡើងថា ច្បាប់នេះពិបាកក្នុងការ អនុម័ត ប៉ុន្តែគ្រាន់តែការបង្ហាញភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសកម្មភាពកាត់បន្ថយតួនាទីរបស់ប្រធានាធិបតីអាមេរិក ក្នុងការចេញបញ្ជាឲ្យវាយប្រហារដោយបរមាណូ។

សេចក្តីព្រាងច្បាប់ខាងលើ គឺជាលើក ទីពីរហើយ ក្នុងការកាត់បន្ថយតួនាទីរបស់ លោកត្រាំ ។ កាលពីដើមឆ្នាំ សភាអាមេរិក ក៏បានអនុម័ត រារាំងលោកត្រាំចេញបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូ ប្រសិនបើមិនទាន់មានការឯកភាពពីរដ្ឋសភានោះទេ។

បច្ចុប្បន្នអាមេរិកនិងកូរ៉េខាងជើង បានប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំង ដោយការគំរាមកំហែង វាយប្រហារដោយ អាវុធបរមាណូ ។ កាលពីខែកញ្ញាកន្លងទៅ លោកត្រាំបាននិយាយទៅកាន់អង្គការ សហប្រជាជាតិថា អាមេរិកនឹងបំផ្លាញ កូរ៉េខាងជើង ប្រសិនបើ លោកគីមជុងអ៊ុន បន្តគំរាមកំហែងដល់សម្ពន្ធមិត្តនៅជិតខាងកូរ៉េខាងជើង ។

ឆ្លើយតបទៅនឹងការប្រកាសរបស់ លោកត្រាំ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kim In Ryong ក៏បានប្រកាសដែរថា ស្ថានភាពនៅ ឧបទ្វីបកូរ៉េ ស្ថិតនៅដំណាក់កាលនៃការ ផ្ទុះសង្គ្រាមបរមាណូគ្រប់ពេលវេលា។

ពាក់ព័ន្ធនឹងភាពតានតឹងនៅកូរ៉េខាងជើងនោះដែរវិមានខៀវរបស់ ប្រធានា ធិបតី កូរ៉េខាងត្បូង នាពេលថ្មីៗនេះ តាម សេចក្តីរាយការណ៍ បានបើកិច្ចប្រជុំក្រុម ប្រឹក្សា សន្តិសុខជាតិមួយ ដើម្បីពិភាក្សា អំពីការ បង្កហេតុរបស់កូរ៉េខាងជើង ក្នុង ពេលមួយថ្ងៃបន្ទាប់ ពីប្រធានាធិបតី មូន ជេអុីន សន្យាថា នឹងរារាំងការវាយប្រហារ ឲ្យអស់ពីលទ្ធភាព ។

តាមប្រភពព័ត៌មាន ពីកាសែតអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើ ឡើង ជារៀងរាល់សប្ដាហ៍ ហើយកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅត្រូវបាន ចូលរួមដោយ រដ្ឋមន្ត្រីការបរទេសលោក Kang Kyung-hwa រដ្ឋមន្ត្រីបង្រួបបង្រួមសាមគ្គីភាព និងរដ្ឋមន្ត្រីការពារជាតិ លោក Song Young-moo ដែលទើបនឹងទទួល តំណែងថ្មីៗ ។

យោងតាមទីភ្នាក់ងារកូរ៉េខាងត្បូង Newsis ក្រុមប្រឹក្សាសន្តិសុខនោះ បាន និយាយថា ខ្លួនពិភាក្សាត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ មកកាន់កូរ៉េ និងសញ្ញានៃការបង្កហេតុ របស់កូរ៉េខាង ជើង ហើយក្រុមប្រឹក្សាបានកត់សម្គាល់ ឃើញថា កូរ៉េខាងជើងមិនធ្វើការបង្ក ហេតុបន្ថែម ចាប់តាំងពីថ្ងៃទី១៥ ខែតុលា ជាពេលដែលទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងរយៈមធ្យមមួយគ្រាប់ ។ ក្រៅពីនោះ ក្រុមប្រឹក្សា ក៏បានពិភាក្សាគ្នា អំពីវិធាន ការទប់ស្កាត់ផងដែរ ។

ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង បានធ្វើ តេស្តសាកល្បង បានយ៉ាងជោគជ័យ នូវមីស៊ីលយុទ្ធសាស្ត្រ វាយប្រហារពីដី ទៅដី KTSSM ដែលអភិវឌ្ឍផលិតក្នុង ស្រុកដោយខ្លួនឯង ។

ប៉ុន្តែការបញ្ចប់សព្វគ្រប់ នៃប្រព័ន្ធ មីស៊ីលនេះ នឹងត្រូវបានពន្យារពេលចំនួន ៤ឆ្នាំ ព្រោះតែនៅខ្វះផ្នែកខ្លះ ដែលកំពុង ស្វះស្វែងរកទិញ និងនៅមិនទាន់ទទួល បាន ការអនុម័តយល់ព្រម ពីសហរដ្ឋអាមេ រិក។ នេះបើយោងតាមកាសែតក្នុងស្រុក ឈ្មោះ Hankyoreh រាយការណ៍កាលពី ថ្ងៃពុធកន្លងទៅ។

គួរបញ្ជាក់ផងដែរថា យោងតាមការចុះ ផ្សាយ របស់កាសែតអាមេរិក UPI ចេញ ផ្សាយនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧ បានឲ្យដឹងថា ប្រព័ន្ធមីស៊ីល KTSSM នេះ គឺជាប្រព័ន្ធអាវុធមួយ ដែលមានសមត្ថភាព អាចវាយប្រហារទម្លាក់មីស៊ីល Scud ឬក៏ មីស៊ីលវាយប្រហារពីដីទៅដី មានរយៈ ចម្ងាយវែង ដែលបាញ់ចេញពីប្រព័ន្ធចល័ត បាន ។

នៅពេលនេះកូរ៉េខាងត្បូងនិងជប៉ុន បានត្រៀមលក្ខណៈ ក្នុងការទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើង ដោយបាន បង្កើនប្រព័ន្ធការពារនៅគ្រប់ទិសទី។ មិនតែប៉ុណ្ណោះ ក៏បានហ្វឹកហាត់ពលរដ្ឋ ក្នុងការជម្លៀសខ្លួនឲ្យបានទាន់ពេលវេលា ពេលកូរ៉េខាងជើងវាយប្រហារ។

ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េ ខាងជើង អាចរងការវាយប្រហារប្រសិនបើ សាកល្បង បរមាណូនៅលំហអាកាស ដូចការប្រកាសរបស់ទីក្រុងព្យុងយ៉ាងនោះ៕ ម៉ែវ សាធី


ចែករំលែក៖