រដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ មិនអាចធ្វើអ្វីទៅលើកូរ៉េខាងជើង ដើម្បីរារាំងកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូ របស់ទីក្រុងព្យុយ៉ាងបានឡើយនៅពេលនេះ។ ការគំរាមរបស់អាមេរិក មិនមានប្រសិទ្ធិភាពឡើយ ទៅលើកូរ៉េខាងជើង។ ទាំងនោះហើយ បានជាអាមេរិក បង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
ទណ្ឌកម្មថ្មីរបស់អាមេរិក សម្តៅទៅលើមន្រ្តី៧រូប និងអង្គភាព៣ របស់ប្រទេសផ្ដាច់ការមួយនេះ លើអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានពណ៌នាថា ជាការរំលោភបំពានសិទិ្ធមនុស្ស ដែលកំពុងបន្ត និងធ្ងន់ធ្ងររបស់ក្រុងព្យុងយ៉ាង។
លោក Steven Mnuchin រដ្ឋលេខាធិការ រតនាគារបានឱ្យដឹងក្នុងសេចក្តី ថ្លែងការណ៍មួយថា «ការដាក់ទណ្ឌកម្មនាពេលនេះ ផ្តោតលើមន្រ្តីយោធា និងរបបរបស់កូរ៉េខាងជើង ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទិ្ធមនុស្ស»។
ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើងនេះដែរ តាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis ក្នុងពេលកំពុងបំពេញទស្សនកិច្ចទៅតំបន់ព្រំដែនខណ្ឌចែកកូរ៉េទាំង២ថា អាមេរិកគ្មានបំណងធ្វើសង្គ្រាមជាមួយនឹងកូរ៉េខាងជើងទេ។ ប៉ុន្តែទន្ទឹមនឹងសេចក្តីប្រកាសនេះ អាមេរិកក៏បានសម្រេចដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងនឹងអ្នកទទួលខុសត្រូវកូរ៉េខាងជើង៧រូប ពីបទរំលោភសិទ្ធិមនុស្ស។
មុននឹងចូលរួមក្នុងជំនួបទ្វេភាគីប្រចាំឆ្នាំ កូរ៉េខាងត្បូង-អាមេរិក ស្តីអំពីសន្តិសុខ លោកប្រមុខការពារជាតិអាមេរិកបានអញ្ជើញទៅកាន់តំបន់ស។ ពីតំបន់ព្រំដែនខណ្ឌចែកកូរ៉េខាងជើង និងខាងត្បូង ដែលមានបំពាក់អាវុធ និងយោធាខ្លាំងជាងគេបំផុតនៅលើលោក។
លោក ម៉ាទីស បានបញ្ជាក់ថា អាមេរិកគ្មានបំណងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ ប៉ុន្តែអាមេរិកចង់បានឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរទាំងស្រុង ដោយពិតប្រាកដ និងរហូតទៅ។
បើតាមលោក ម៉ាទីស ដដែលបានបន្ថែមថា សមភាគីកូរ៉េខាងត្បូង ក៏បានសន្យាជាថ្មី រួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងបុព្វហេតុស្វែងរកដំណោះស្រាយតាមផ្លូវការទូត ដើម្បីបញ្ចុះសម្ពាធ នៅឧបទ្វីប និងដើម្បីប្រឈមនឹងចរិតមានៈខ្វះទំនួលខុសត្រូវរបស់កូរ៉េខាងជើង៕ ម៉ែវ សាធី