ព័ត៌មានទាន់ហេតុការណ៍៖

កុមារព័រទុយហ្គាល់ប្តឹងមនុស្សធំជាអ្នកបង្កឲ្យមានបម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

កុមារព័រទុយហ្គាល់៧នាក់បានប្តឹងរដ្ឋាភិបាលប្រទេសជាច្រើននៅតំបន់អឺរ៉ុបដែលមិនមានសកម្មភាពក្នុងការរារាំងបម្រែបម្រួលអាកាសធាតុ បង្កឲ្យមានភ្លើងឆេះព្រៃ នាពេលកន្លងមកសម្លាប់មនុស្សរហូតដល់ទៅ៦២នាក់។

កុមារដែលនឹងដាក់ពាក្យបណ្តឹងនោះមានឈ្មោះ Claudia អាយុ១៨ឆ្នាំ និងប្អូន ពីរនាក់ឈ្មោះ Martim អាយុ១៤ឆ្នាំនិង Mariana អាយុ៥ឆ្នាំ ពួកនឹងដាក់ពាក្យ បណ្តឹងប្តឹងប្រទេសអឺរ៉ុប ដែលគ្មានវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

កុមារា Andre អាយុ ៩ឆ្នាំ បាននិយាយ ថា «យើងកំពុងតែបំផ្លាញពិភពលោក ដោយសកម្មភាពរបស់ខ្លួនផ្ទាល់ ។សូម បិទទ្វារហើយពិចារណាថាការធ្វើនោះគឺជារឿងខុស។ យើងត្រូវមានសកម្មភាពដើម្បីអនាគតល្អជាងនេះ»។

តាមអង្គការការពារបរិស្ថាន បានបញ្ជាក់ថាកុមារទាំងនោះនឹងប្តឹងរដ្ឋាភិបាលអឺរ៉ុប បើទោះបីអឺរ៉ុប ជាប្រទេសដែលបញ្ចេញ ឧស្ម័នពុលតិចជាងគេ គឺ១៤ភាគរយក៏ ដោយ។

ចំណែកកុមារ អាយុ១១ឆ្នាំឈ្មោះ Simao បានបញ្ជាក់ថា មនុស្សធំគួរតែកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ ដែលជាហេតុធ្វើឲ្យបម្រែបម្រួលអាកាសធាតុកើនឡើង។ក្រុមកុមារទាំងនោះនឹងស្នើដល់តុលា ការ ស្តីពីសិទ្ធិនៅអឺរ៉ុបត្រូវតែបង្ខំបណ្តា ប្រទេសអនុវត្តគោលនយោបាយ កាត់បន្ថយឧស្ម័នពុលចូលក្នុងបរិយាកាស។

បម្រែបម្រួលអាកាសធាតុគឺជាបញ្ហា ប្រឈមមុខធំជាងគេបំផុត នៅលើពិភព លោក ។ ការឆេះព្រៃនៅក្នុងប្រទេសព័រ ទុយហ្គាល់កន្លងមក សម្លាប់មនុស្សជាង ៦០នាក់ក៏ដោយសារតែបម្រែបម្រួលអាកាសធាតុក្តៅខ្លាំងខុសប្រក្រតី ធ្វើឲ្យអណ្តាត ភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័សលើសពីសមត្ថភាពគ្រប់គ្រង ។

ប្រសិនបើពិភពលោក បរាជ័យនៅក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ពលរដ្ឋជាង១០០លាននាក់អាចនឹងស្លាប់ ហើយសេដ្ឋកិច្ចពិភពលោកនឹងថយចុះ ៣,២ភាគរយនៅក្នុងឆ្នាំ២០៣០។

នៅក្នុងរបាយការណ៍របស់អង្គការ មនុស្សធម៌ DARA បានឲ្យដឹងថា កម្តៅ មធ្យមនៅលើផែនដីបានកើនឡើង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាតិ ដូចជាផ្ទាំងទឹកកករលាយ បង្កឲ្យទឹកសមុទ្រកើនឡើងក្លាយជាទឹកជំនន់ និងគ្រោះរាំងស្ងួតកើតឡើងនៅគ្រប់ទិសទី គំរាមកំហែងដល់ជីវិតរស់នៅលើភពផែនដី។

តាមរបាយការណ៍របស់ DARA បញ្ជាក់ ថា មានមនុស្សយ៉ាងតិច៥លាននាក់នៅលើពិភពលោកបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការបំពុលបរិយាកាស គ្រោះ អត់ឃ្លាន ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៦លាននាក់ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៣០៕ ម៉ែវ សាធី


ចែករំលែក៖