កាលពីថ្ងៃទី២៩ ខែតុលា ពលរដ្ឋអេស្ប៉ាញរាប់សិបនាក់ បាននាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងបាសេឡូណា ជាទីក្រុងសំខាន់បំផុតនៅក្នុងតំបន់កាតាឡូនៀ ដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យជាឯកតោភាគីចេញពីអេស្ប៉ាញ ហើយពលរដ្ឋអេស្ប៉ាញបានបង្ហាញពីសាមគ្គីដើម្បីឯកភាពជាតិ។
នៅក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃទី២៩ ខែតុលា ពលរដ្ឋអេស្ប៉ាញរាប់សែននាក់ បានបង្ហាញពីសាមគ្គីភាពរបស់ពលរដ្ឋ ដើម្បីធ្វើឲ្យអេស្ប៉ាញកាន់តែខ្លាំងក្លា។ ការប្រកាសឯករាជ្យនោះ បានធ្វើឲ្យរដ្ឋាភិបាលអេស្ប៉ាញសម្រេចដកហូតសិទ្ធគ្រប់គ្រងស្វ័យភាពនៅក្នុងតំបន់នេះ។
ក្រុមអ្នកចូលរួមដង្ហែក្បួនព្យុហយាត្រា បានបានឲ្យដឹងថា គោលដៅដែលចូលរួមនោះ គឺដើម្បីការពារនូវឯកភាពជាតិអេស្ប៉ាញ គាំទ្ររដ្ឋាភិបាលក្នុងការរារាំងសកម្មភាពឯករាជ្យរបស់កាតាឡូនៀ។ ក្រុម អ្នកចូលរួមដង្ហែក្បួន បានស្រែកពាក់ស្លោកថា «Viva Espana» និងក្រវីទង់ជាតិអេស្ប៉ាញ ទាមទារឲ្យដាក់ទោសមេដឹកនាំកាតាឡូនៀ លោក CarlesPuigdemont ដែលបំបែកបំបាក់អេស្ប៉ាញ។
រដ្ឋាភិបាលអេស្ប៉ាញបានគ្រប់គ្រងដោយផ្ទាល់ទៅលើរដ្ឋាភិបាលស្វ័យភាពតំបន់កាតាឡូនៀ ដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញបានផ្តល់កិច្ចការរដ្ឋបាលទាំងអស់ ឲ្យឧបនាយករដ្ឋមន្ត្រី Soraya Saenz de Santamariaជាអ្នកគ្រប់គ្រងជំនួសមេដឹកនាំកាតាឡូនៀ។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលតំណាងរាស្ត្រកាតាឡូនៀ បានប្រកាសឯករាជ្យជាឯកតោភាគីផ្តាច់ខ្លួនចេញពីអេស្ប៉ាញ បង្ខំឲ្យនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoyសម្រេចរំលាយរដ្ឋាភិបាលស្វ័យភាពកាតាឡូនៀ។ ជាមួយគ្នានោះ រដ្ឋាភិបាលនឹងចេញបញ្ជាឲ្យរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មី នៅថ្ងៃទី២១ ខែធ្នូ ខាងមុខ។ ជាមួយគ្នានេះ លោក JosepLluisTraperoមន្ត្រីប៉ូលិសនៅក្នុងតំបន់ ក៏ត្រូវដកហូតតំណែងផងដែរ៕ ម៉ែវ សាធី