ភ្នំពេញ ៖ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា អត្តពលិកចំបាប់៥នាក់ អាយុក្រោម២០ឆ្នាំ នឹងត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំប៉នកម្រិតបច្ចេកទេស និងបទពិសោធន៍ថ្មីៗសម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ពិសេសការត្រៀមសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា អត្តពលិកចំបាប់ទាំង៥នាក់ ដែលគ្រោងចេញទៅហ្វឹកហាត់នៅប្រទេសចិន គឺទទួលបានការឧបត្ថម្ភ ពីសំណាក់ លោក ហ្គោ ឌិតតាន់ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបានបន្តថា កីឡាករ កីឡាការិនីទាំង៥នាក់ ដែលសហព័ន្ធគ្រោងបញ្ជូនឲ្យ ទៅ ហ្វឹកហាត់នៅប្រទេសចិននោះ សុទ្ធតែបានឆ្លងកាត់ការប្រជុំជ្រើសរើសពីសំណាក់គ្រូបង្វឹក និង ថ្នាក់ដឹកនាំក្នុងសហព័ន្ធ ដើម្បីជ្រើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាពពិតប្រាកដ ។ កីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិន អាយុក្រោម២០ឆ្នាំ គឺជាទិសដៅយុទ្ធសាស្រ្តរបស់សហព័ន្ធ មានន័យថា ពួកគេបច្ចុប្បន្ន អាចមានពេលហ្វឹកហាត់រយៈពេល៥ទៅ៦ឆ្នាំ ទម្រាំដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
គួរបញ្ជាក់ថា អត្តពលិកចំបាប់៥នាក់ ដែលសហព័ន្ធកីឡាចំបាប់ គ្រោង បញ្ជូនឲ្យទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិននោះ គឺ កីឡាករ សឿន សុភាស់ ចំបាប់ឈុតធំ, កីឡាករ ឌន ស្រស់ ចំបាប់ឈុតធំ, កីឡាករ ជ្រាយ ប្រុស, កីឡាករថ្នាល, កីឡាករ ធា វាសនា ជាកីឡាករថ្នាល និងកីឡាការិនី ជា កញ្ញា ជាកីឡាការិនីថ្នាល ៕ សារីម