ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់អនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការបាន

ចែករំលែក៖

នេះជាលើកទីមួយ នៅកោះតៃវ៉ាន់ដែលបានអនុញ្ញាតឲ្យ មនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការបាន។ ពលរដ្ឋដែលស្រឡាញ់ភេទដូចគ្នា និងអ្នកដែលមិនប្រកាន់ភេទជាច្រើនបានប្រារព្ធពិធីអបអរសាទរ អ្នកស្រឡាញ់ភេទដូចគ្នា Gay Pride ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់ ។ កាលពីមុន មានតែលោកខាងលិចប៉ុណ្ណោះបានអនុញ្ញាតឲ្យស្រឡាញ់ភេទដូចគ្នា តែពេលនេះ នៅអាស៊ីក៏បានអនុញ្ញាតផងដែរ ក្នុងនោះមានកោះតៃវ៉ាន់ជាដើម។

ឆ្នាំ២០១៧នេះ តៃវ៉ាន់ គឺជាដែនដីអាស៊ីទីមួយ ដែលទទួលស្គាល់សិទ្ធិអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា។ ចៅក្រមក្រុមប្រឹក្សាធម្មនុញ្ញរបស់តៃវ៉ាន់ កាលពីខែឧសភា កន្លងទៅនេះ បានសម្រេចចិត្តជាប្រវត្តិសាស្ត្រអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា។ ក្រុមប្រឹក្សាធម្មនុញ្ញ បានទុករយៈពេល២ឆ្នាំទៀត ដើម្បីឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិក ធ្វើកំណែទម្រង់ក្រមរដ្ឋប្បវេណី ឬច្បាប់ស្តីពីអាពាហ៌ពិពាហ៍និងគ្រួសារ។

កាលពីថ្ងៃទី២៩ខែតុលា មនុស្សរាប់ពាន់នាក់ បាននាំគ្នាចុះផ្លូវ ដើរសម្តែងមតិ និងអបអរពិធីអ្នកស្រឡាញ់ភេទដូចគ្នា ដែលគេនិយមហៅថា Gay Pride។ នេះគឺជាការជួបជុំអបអរអ្នកស្រឡាញ់ភេទដូចគ្នានៅអាស៊ីយ៉ាងធំបំផុត និងជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត បន្ទាប់ពីតុលាការតៃវ៉ាន់ អនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការបាន នៅពីរឆ្នាំខាងមុខ។ ក៏ប៉ុន្តែ អ្នកចូលរួមមួយចំនួន បានលើកឡើងថា ពួកគេមិនអាចរង់ចាំបានទេ។

នៅទីក្រុងតៃប៉ិក អ្នកស្នេហាភេទដូចគ្នា ច្រើនពាន់នាក់ បាននាំគ្នាដើរគ្រវីទង់ពណ៌ឥន្ធនូ តំណាងឲ្យអ្នកស្រឡាញ់ភេទដូចគ្នា។ បុរសមួយចំនួន តុបតែងខ្លួនជានារី ស្លៀកឈុតកូនក្រមុំ ហើយមនុស្សប្រុសស្រីខ្លះទៀត ក៏ស្លៀកពាក់តាមទំនោរភេទរបស់ខ្លួន ព្រមទាំងរាំច្រៀងយ៉ាងសប្បាយរីករាយចំពោះសិទ្ធិសេរីភាពរបស់ពួកគេ នៅក្នុងពិធីGay Pride។ កម្មវិធី Gay Pride នេះ បានកើតឡើងដំបូងនៅក្រុង New York សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៦៩ ហើយពីរឆ្នាំក្រោយមក គឺបានប្រារព្ធនៅស្រុកបារាំង ដែលធ្វើនៅរដ្ឋធានីប៉ារីសតែម្តង។

ទោះបីជាយ៉ាងនេះក្តី អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើននាក់ បានសម្តែងមតិថា ពីរឆ្នាំ វាយូរពេកណាស់ ពួកគេមិនអាចរង់ចាំបានទេ ហើយអ្នកខ្លះទៀត លើកឡើងថា ពួកគេខំធ្វើការ និងបំពេញកាតព្វកិច្ចបង់ពន្ធដូចគូស្វាមីភរិយាផ្សេងទៀតដែរ ចុះហេតុអ្វី បានជាពួកគេមិនទាន់មានសិទ្ធិពេញមុខពេញមាត់ រៀបការជាមួយគ្នាបាន?

សូមរម្លឹកដែរថា កាលពីខែមុននេះ នារីតៃវ៉ាន់ពីរនាក់ ដែលជាសកម្មជនការពារសិទ្ធិមនុស្សផង ត្រូវតុលាការរដ្ឋបាលក្រុងតៃប៉ិ បានច្រានចោលសំណើសុំរៀបការភេទដូចគ្នា ដោយសំអាងថា ច្បាប់នៅមិនទាន់បានធ្វើកែទម្រង់រួចរាល់នៅឡើយ គឺត្រូវរង់ចាំជិត២ឆ្នាំទៀត៕ ម៉ែវ សាធី


ចែករំលែក៖