គេហទំព័រ Chosun .com កាលពីថ្ងៃទី ២៩ ខែតុលា បានផ្សាយថា មេដឹកនាំ កូរ៉េខាងជើង លោកគីម ជុងអ៊ុនបានចេញបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ចាក ចេញពីប្រទេសចិន ចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំ២០១៧។
ប្រភពព័ត៌មានបានឲ្យដឹងថា ការ សម្រេចខាងលើរបស់មេដឹកនាំកូរ៉េខាងជើង ដើម្បីប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ដែលបានប្រកាសបិទទ្វារក្រុមហ៊ុនទាំងអស់ ដែលបានសហការរកសុីជាមួយកូរ៉េខាងជើង នៅក្នុងប្រទេសចិនក្នុងរយៈពេល១២០ថ្ងៃ តាមច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
តាមការសម្រេចខាងលើបណ្តាក្រុមហ៊ុននិង ភោជនីយដ្ឋានកូរ៉េខាងជើងនៅក្នុង ប្រទេសចិនត្រូវបានបិទទ្វារ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។ នៅពេលនេះមានភោជនីយដ្ឋានកូរ៉េខាងជើង ជាង១០០នៅក្នុងប្រទេសចិនកំពុងដំណើរការនៅឡើយ ហើយភាគច្រើនក្នុងចំណោមក្រុមហ៊ុននោះ គឺបានសហការជាមួយពលរដ្ឋចិនក្នុងការបើករកសុី។
តាមការប៉ាន់ប្រមាណមានពលរដ្ឋកូរ៉េខាងជើងពី ២-៣មឺុននាក់ កំពុងធ្វើការនៅ ក្នុងប្រទេសចិន ក្នុងនោះមានប្រមាណ ២.០០០នាក់ធ្វើការនៅក្នុងវិស័យភោជ នីយដ្ឋាន។ បណ្តាក្រុមហ៊ុនចិន នៅតាម បណ្តោយព្រំដែនកូរ៉េខាងជើង ភាគច្រើនប្រើប្រាស់បុគ្គលិកកូរ៉េខាងជើង ដែលមាន ប្រាក់ខែថោកជាងពលរដ្ឋចិន។
កន្លងមកថ្មីៗចិនបានប្រកាស បិទក្រុម ហ៊ុនកូរ៉េខាងជើង ដែលបានរកសុីនៅក្នុង ប្រទេសចិន ទៅតាមច្បាប់ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ។ មិនតែ ប៉ុណ្ណោះ ចិនក៏បានផ្អាក លក់ប្រេងទៅឲ្យ កូរ៉េខាងជើង ហើយក្រុមហ៊ុនប្រេងរបស់ ចិននៅទីនោះក៏ត្រូវបិទទ្វារផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពកូរ៉េខាងជើងនោះ ដែរ សមាជិកព្រឹទ្ធសភា របស់គណបក្ស សាធារណរដ្ឋ អាមេរិកមួយរូប បានរិះគន់ជាថ្មីម្ដងទៀតចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយនិយាយថា មេបញ្ជាការរងកំពុងរារាំងកិច្ចខិតខំផ្នែកការទូត ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរជាមួយ កូរ៉េខាងជើងនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ។
លោក Bob Corker (R-TN) ដែលបាន ចូលរួម ក្នុងជម្លោះផ្ទាល់ខ្លួនមួយ ជាមួយ លោក ដូណាល់ ត្រាំ បានអះអាងឡើងវិញ នូវអំណះអំណាងរបស់លោក នៅពេល ដែលលោកប្រធានាធិបតី រៀបចំសម្រាប់ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង របស់លោកទៅកាន់តំបន់អាស៊ីនៅសប្តាហ៍នេះ។ លោកបញ្ជាក់ថា “នៅពេលដែលរដ្ឋមន្រ្តី របស់យើងកំពុងអង្គុយជាមួយដៃគូ ដែល មានសារសំខាន់បំផុត គឺចិនកំពុង ព្យាយាម ចរចាអ្វីមួយ ដែលនឹងដោះស្រាយ និង រារាំងយើង មិនឲ្យចូលទៅក្នុងជម្លោះយោធាជាមួយកូរ៉េខាងជើង ដែលរួមមានកូរ៉េខាង ត្បូង ជប៉ុន ចិន និង ប្រទេសរុស្ស៊ី “។
ជាមួយគ្នានេះកូរ៉េខាងជើង នៅតែបន្តកម្មវិធីបរមាណូរបស់ខ្លួនដដែល ដោយមិនខ្វល់ពីការគំរាមរបស់អាមេរិកឡើយ ។ កន្លងមក មន្ត្រីកូរ៉េខាងជើង មួយរូប បាន ប្រដូចលោកត្រាំទៅនឹង «ឆ្កែព្រុស មិន ដែលខំា យើងដើរតាមធម្មតាទៅ »មិនត្រូវ ខ្លាចឡើយ។
លោកប្រមុខការទូតកូរ៉េខាងជើងរី ជុងហូបានប្រៀបប្រដូចការគំរាមរបស់លោកដូណាល់ត្រាំដែលនឹងកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះទៅនឹង « ឆ្កែចេះតែព្រុស » និងថា សម្តីរបស់លោកត្រាំនឹងគ្មានថ្ងៃអាចបំភិតបំភ័យកូរ៉េខាងជើងបានឡើយ។ លោករី ជុងហូបានថ្លែងយ៉ាងដូចនេះនៅ ក្នុងទីក្រុងញូវយ៉កដែលលោកបានទៅ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
មានពាក្យស្លោកមួយនិយាយថា « ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ » នេះជាការថ្លែងរបស់លោករដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើងរី ជុងហូនៅចំពោះហ្វូងអ្នក កាសែតក្បែរទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ លោក រី ជុងហូ បានបន្ថែមថា បើលោកត្រាំចង់ធ្វើឲ្យកូរ៉េ ខាងជើងភ្ញាក់ផ្អើលជាមួយនឹងសំឡេងព្រុសរបៀបនេះ លោកត្រាំពិតជាកំពុងតែសុបិន ហើយ។ ឆ្លើយនឹងសំណួររបស់អ្នកកាសែតទាក់ទងនឹងការដែលលោកត្រាំបានចាត់ទុកលោកគីម ជុងអ៊ុនជា « Rocket-man » លោករី ជុងហូបានថ្លែងសោកស្តាយចំពោះ ក្រុមទីប្រឹក្សារបស់លោកដូណាល់ ត្រាំ។
ប្រតិកម្មរបស់លោករី ជុងហូពេលនេះ បានធ្វើឡើង មួយថ្ងៃមុនលោកឡើងថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិ។នៅពេលនេះមិនទាន់ដឹងថា តើលោករី ជុងហូនឹងលើកយកឃ្លាឃ្លោងដដែលនេះទៅនិយាយនៅលើវេទិកាអង្គការសហប្រជាជាតិ ឬក៏អត់នោះទេ។ អ្វីដែលគេអាចនិយាយបាន ប្រតិកម្មរបស់ លោករី ជុងហូពេលនេះជាប្រតិកម្មផ្លូវការទី១ របស់កូរ៉េខាងជើងដើម្បីឆ្លើយតបនឹងសុន្ទរកថាវាយប្រហារកូរ៉េខាងជើងរបស់លោកដូណាល់ ត្រាំនៅលើវេទិកាមហា សន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា។
នាឱកាសនោះ លោកត្រាំបានចោទ មនុស្សខ្លាំងកូរ៉េខាងជើងគីម ជុងអ៊ុនជាបុរសកាំជ្រួចដែលកំពុងបំពេញបេសកកម្មធ្វើ អត្តឃាតខ្លួនឯង និងរបបរបស់ខ្លួន។ លោកត្រាំថែមទាំងនិយាយមិនលាក់លៀមថា បើអាមេរិកត្រូវបង្ខំចិត្តការពារខ្លួន និងការពារ សម្ពន្ធមិត្តរបស់ខ្លួន អាមេរិកគ្មានជម្រើសផ្សេងក្រៅពីកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះនោះទេ។ សម្តីគំរាមខ្លាំងៗរបស់លោកត្រាំបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលបាលីស្ទិកជាហូរហែនារយៈពេល ប៉ុន្មានសប្តាហ៍កន្លងទៅ៕ ម៉ែវ សាធី