ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ឆក់កាបូបគេបានវាមិនអីឥឡូវឆក់ទៀតភ្លាត់ស្នៀតជាប់ខ្នោះសមត្ថកិច្ចល្មម

ចែករំលែក៖

ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋតាមផ្លូវបានសម្រេចមិនដែលមានបញ្ហាអីតែឥឡូវចេញឆក់ កាបូបពីស្រ្តីម្នាក់ម្តងទៀតមិនបានសម្រេចភ្លាត់ស្នៀតត្រូវនគរបាលចាប់បានដាក់ ខ្នោះល្មម។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង១០និង៥នាទី យប់ថ្ងៃទី២ ខែវិច្ឆិកា ២០១៧ នៅចំណុច ផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ។

មន្ត្រីនគរបាលបានប្រាប់ថាជនសង្ស័យទាំង២នាក់នេះទី១.ឈ្មោះ ស៊ិន ម៉េត ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរជាងទង ស្នាក់ នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ និងទី២. ឈ្មោះ ណាង នៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅសង្កាត់បឹងកក់ ខណ្ឌទួល គោក ។ ចំណែកនារីរងគ្រោះឈ្មោះ ងិន សុធាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមន្ត្រី កងកម្លាំងខេមរភូមិន្ទ ស្នាក់នៅសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថ កិច្ចថានៅមុនពេលកើតហេតុ នាងបានជិះ ម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ឌុបគ្នាទៅធ្វើ ការតាមផ្លូវ២០០៤ ទិសដៅពីកើតទៅ លិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាងហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រៃវែង 1G-3292 មកពីក្រោយយ៉ាង លឿន រួចមកដល់ទន្ទឹមខាងឆ្វេងដៃ ម៉ូតូ របស់នាង ស្រាប់តែជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយធ្វើសកម្មភាពឆក់ កាបូបស្ពាយពីនាងតែមិនបានសម្រេច។ ភ្លាមនោះពួកនាងក៏បានស្រែកថាចោរៗ ហើយជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនតែ ដោយសារមានកម្លាំងសមត្ថកិច្ចឈរជើងនៅទីនោះ ឃើញទាន់ក៏ដេញតាមទាន់ ឃាត់ខ្លួនជនសង្ស័យបានរួចនាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែក ក្អម។

សមត្ថកិច្ចបានប្រាប់ថាសម្ភារដកហូតមានម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-3292(ម៉ូតូ របស់ជនសង្ស័យ) ហើយនៅក្នុងកាបូប យួរដៃពណ៌សូកូឡា ដែលជនសង្ស័យឆក់ មិនបាននោះ ជារបស់ជនរងគ្រោះមាន ទូរស័ព្ទម៉ាកហូវៃមួយគ្រឿង និងលុយ ៣៥០.០០០ រៀល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើ សកម្មភាពឆក់កាបូបពីនារីរងគ្រោះពិតប្រាកដមែនតែមិនបានសម្រេចទេហើយពួក ខ្លួនព្យាយាមជិះម៉ូតូគេចខ្លួនដែរតែទីបំផុតក៏ត្រូវនគរ បាលតាមចាប់បាន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំ រឿងបញ្ជួនទៅតុលាកាចាត់ការបន្ត ៕ តុង សីហា


ចែករំលែក៖