ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញចេញបញ្ជាឲ្យចាប់ខ្លួនអតីតមេដឹកនាំតំបន់កាតាឡូនៀ

ចែករំលែក៖

កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋាភិបាល អេស្ប៉ាញបានចេញបញ្ជាឲ្យចាប់ខ្លួនអតីតមេដឹកនាំតំបន់កាតាឡូនៀ ពីបទញុះញង់ ឲ្យមានចលនាបះបោរបង្កចលាចលនៅ ក្នុងប្រទេស។

តុលាការកំពូលនៅទីក្រុងរៀលម៉ាឌ្រីដ បានចេញដីកាចាប់ខ្លួនអតីតមេដឹកនាំតំបន់កាតាឡូនៀ លោក Carles Puigdemont និងអតីតមន្ត្រីជាន់ខ្ពស់៤រូបផ្សេងទៀត នៅពេលដែល លោកមិនព្រមមកប្រទេសអេស្ប៉ាញវិញតាមសំណើរបស់តុលាការកាលពីថ្ងៃទី២ ខែវិច្ឆិកា។ តុលាការមិនព្រមទទួលយកចម្លើយបកស្រាយតាមឃ្លីប វីដេអូដែលបាន បញ្ជូនមកពីប្រទេសបែលហ្សុិកនោះឡើយ។

នៅក្នុងទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សុិក មន្ត្រីប្រទេសនេះបានបញ្ជាក់ថា ខ្លួននឹងត្រួតពិនិត្យទៅលើច្បាប់ចាប់ខ្លួន អតីត មេដឹកនាំតំបន់កាតាឡូនៀ។ នៅពេល នេះតុលាការបែលហ្សុិក ក៏កំពុងស្រាវ ជ្រាវលើករណីអតីត មេដឹកនាំតំបន់កាតា ឡូនៀផងដែរ ។ជាមួយគ្នានេះលោក Carles Puigdemont បានប្រកាសថានឹងសហការជាមួយតុលាការបែលហ្សុិក។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានអំពាវនាវឲ្យមានការបោះឆ្នោតនៅចុងឆ្នាំនេះ នៅពេលដែលរដ្ឋា ភិបាលបានគ្រប់គ្រង រដ្ឋបាលនៅតំបន់ កាតាឡូនៀ ក្រោយអតីតមេដឹកនាំប្រកាស ឯករាជ្យ ផ្កាច់ខ្លួនចេញពីអេស្ប៉ាញ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា អតីតមេដឹកនាំ កាតាឡូនៀ បានប្រកាសថា លោកនឹង ចូលរួមបោះឆ្នោត បើទោះបីមិននៅក្នុង ប្រទេសក៏អាចចូលរួមបានដែរ។ លោក Carles Puigdemont បានបញ្ជាក់តាម កញ្ចក់ទូរទស្សន៍បែលហ្សុិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ពីបំណងចូលរួមបោះឆ្នោតពីចម្ងាយរបស់លោក។

បែលហ្សុិកជាប្រទេសមួយ ដែលមាន អាទិភាពបំផុត ក្នុងចំណោមប្រទេសអឺរ៉ុប ដែល អាចរារាំងច្បាប់តាមចាប់ខ្លួនរបស់ ប្រទេសនៅក្នុងតំបន់ ។នៅពេលនេះ បែលហ្សុិកមានរយៈពេល៣ខែ ដើម្បីពិចារណាសម្រេចថាតើត្រូវបញ្ជូនលោក Carles Puigdemont ទៅអេស្ប៉ាញវិញដែរឬទេ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា តុលាការកំពូលប្រទេសអេស្ប៉ាញបានចេញបញ្ជាឲ្យចាប់ខ្លួនអតីត មន្ត្រី៩រូបក្នុងតំបន់កាតាឡូនៀក្រោមការដឹកនាំរបស់លោក Carles Puigdemont ដើម្បីស្រាវជ្រាវពីបទញុះញង់ បង្កឲ្យមានភាពចលាចលនៅក្នុងប្រទេស។

ដីកាដែលតុលាការអេស្ប៉ាញចេញ ដើម្បីបង្គាប់ឲ្យចាប់ខ្លួនលោក កាឡែស ពីកដឺម៉ុង នៅថ្ងៃសុក្រនេះ គឺជាដីកាចាប់ ខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប ដោយសារតែនៅ ក្នុងពេលបច្ចុប្បន្ននេះ លោក កាឡែស ពីកដឺម៉ុង បានរត់គេចខ្លួនទៅកាន់ប្រទេសបែលហ្ស៊ិក ហើយបដិសេធមិនចូលខ្លួនទៅតាមដីកាកោះហៅ ដែលតុលាការបានចេញ កាលពីថ្ងៃពុធ។

មេធាវីរបស់លោកកាឡែស ពីកដឺម៉ុង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កូនក្តីរបស់លោកគឺពិតជាត្រូវតុលាការអេស្ប៉ាញ ចេញដីកាតាមចាប់ខ្លួនមែន ហើយថា លោកកាឡែស ពីកដឺម៉ុង នឹងបន្តស្ថិតនៅក្នុងប្រទេសបែលហ្ស៊ិក ហើយថានឹងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរបែលហ្ស៊ិក។

គួរបញ្ជាក់ថា ការចេញដីកាចាប់ខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប មានន័យថា តុលាការអេ ស្ប៉ាញនឹងបញ្ជូនសំណើជាផ្លូវការទៅកាន់តុលាការបែលហ្ស៊ិក ដើម្បីសុំឲ្យធ្វើបត្យាប័នលោកកាឡែស ពីកដឺម៉ុង។

យោងតាមនីតិវិធី ក្រោយពីទទួលបានសំណើសុំធ្វើបត្យាប័ននេះ តុលាការបែលហ្ស៊ិកត្រូវធ្វើការសិក្សាសំណុំរឿងនិងចេញសេចក្តីសម្រេចនៅក្នុងរយៈពេលយ៉ាងយូរបំផុត៦០ថ្ងៃ។ ក៏ប៉ុន្តែ មេធាវីរបស់កាឡែស ពីកដឺម៉ុង បានបញ្ជាក់រួចជាស្រេចហើយថា ប្រសិនបើតុលាការជាន់ទាបបែលហ្ស៊ិកសម្រេចធ្វើបត្យាប័ន លោកកាឡែស ពីកដឺ ម៉ុង នឹងប្តឹងជំទាស់សេចក្តីសម្រេចនេះ ទៅកាន់តុលាការជាន់ខ្ពស់ជាបន្តបន្ទាប់ទៀត ដែលនេះមានន័យថា ដំណើរការនីតិវិធីក្នុងការធ្វើបត្យាប័នលោកកាឡែស ពីកដឺម៉ុង អាចនឹងត្រូវអូសបន្លាយពេលរាប់ខែ ឬរហូត ដល់ទៅរាប់ឆ្នាំក៏ថាបាន។

គួរបញ្ជាក់ផងដែរថា ដីកាដែលតុលាការអេស្ប៉ាញចេញនៅថ្ងៃសុក្រនេះ មិនត្រឹមតែចេញឲ្យចាប់ខ្លួនលោកកាឡែស ពីកដឺ ម៉ុង តែម្នាក់នោះទេ តែក៏បានបង្គាប់ឲ្យចាប់ ខ្លួនផងដែរ អតីតរដ្ឋមន្រ្តីរបស់លោកចំនួន ៤នាក់ផ្សេងទៀត ដែលកំពុងតែគេចខ្លួននៅក្នុងប្រទេសបែលហ្ស៊ិកជាមួយលោក។ ចំណែកឯអតីតរដ្ឋមន្រ្តីចំនួន ៨រូបផ្សេង ទៀត ដែលមិនរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានតុលាការចាប់ឃុំខ្លួនជាបណ្តោះ អាសន្ន តាំងពីថ្ងៃព្រហស្បតិ៍ ក្នុងពេល ដែលប្រធានសភា និងសមាជិកគណៈ អចិន្រ្តៃយ៍សភាជាច្រើនរូបផ្សេងទៀត ត្រូវតុលាការបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍ក្រោយ៕ ម៉ែវ សាធី


ចែករំលែក៖