ភ្នំពេញ៖ ដោយអត់ទ្រាំលែងបាននូវទង្វើហិង្សាគ្មានហេតុផលរបស់លោកប្តីវ័យចំណាស់ចិត្តភ្លើងដែលតែងបង្កជម្លោះវាយតប់ប្រពន្ធវ័យក្មេងព្រោះតែក្តីប្រចណ្ឌនោះ ធ្វើឲ្យ ប្រពន្ធទ្រាំលែងបានរត់ទៅរកសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៧ នៅបន្ទប់ជួលតាមផ្លូវបេតុងក្នុងក្រុម១០ភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បុរសជាប្តីត្រូបានគេស្គាល់ថា ឈ្មោះ កែវ វិសាល អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មាន ប្រពន្ធវ័យក្មេង ឈ្មោះ សុខ វណ្ណាទី អាយុ២៨ឆ្នាំ មុខរបររត់តុនៅហាង មានកូនចំនួន២នាក់(ប្រុសមួយស្រីមួយ)រស់នៅក្នុងបន្ទុកគ្រួសារ និងរស់នៅកន្លែងកើតហេតុខាងលើ ។
តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថាតាំងខ្លួននាពេញក្រមុំធំពេញវ័យពេលណាគឺក្នុងវ័យអាយុ១៨ឆ្នាំត្រូវឪពុកម្តាយបង្ខំឲ្យយកប្តីកំលោះៗច្រើននាក់មកហើយ តែនាងប្រកែក លុះក្រោយមកមិនដឹងមានកម្មអី ស្រាប់តែមកយកប្តីប៉ះចំបុរសចំណាស់ហើយពោះម៉ាយទៀត។
នាង សុខ វណ្ណាទី បន្តថា បានជានាងសម្រេចចិត្តមិនយកប្តីក្មេងព្រោះខ្លាចគេធ្វើបាប ទើបសម្រេចចិត្តយកប្តីវ័យចំណាស់ ក្រែងស្រួលចិត្ត ស្រួលកាយ ព្រោះមនុស្សចាស់ចេះថ្នាក់ថ្នមឬចេះគិតគូរវែងឆ្ងាយមិនដូចប្តីកំលោះនោះទេ។ ដោយយល់ឃើញបែបនេះហើយទើប នាងសម្រេចទទួលយកបុរសឈ្មោះកែវ វិសាល ដែលកាលនោះគាត់អាយុ៤៣ឆ្នាំ ឯនាងអាយុ១៨ឆ្នាំ ។ពួកគាត់បានរៀបការនឹងគ្នាតាំងពីឆ្នាំ២០០៧មកម្ល៉េះ រហូតមកដល់ពេលនេះបាន១០ឆ្នាំកន្លងផុតទៅហើយដោយបន្សល់ទុកកូនប្រុសស្រីចំនួន២នាក់ ជាចំណងស្នេហ៍ផងដែរ ។ ប៉ុន្តែចាប់តាំងពីបានគ្នាជាប្តីប្រពន្ធ រហូតបានកូនពីរនាក់ ទៅហើយក្តី នាងគួរតែរស់ នៅក្នុងទ្រនុំសុខដូចបានរំពឹងទុក ផ្ទុយទៅវិញ បែរជាមកទទួលរងកម្មនឹងប្តីវ័យចំណាស់វាយធ្វើបាបស្ទើរគ្មានលស់ថ្ងៃណាឡើយ ហើយការទទួលរងកម្មនឹងប្តីវាយធ្វើបាបនេះទៀត សោតគឺច្រើនតែផ្តើមចេញពីក្តីប្រច័ណ្ឌប៉ុណ្ណោះ សូម្បីតែនាងនិយាយលេងជាមួយអ្នកជិតខាង ឬបងប្អូនជីដូនមួយសោះក៏មិនបានដែរ។ ជាក់ស្តែងដូចជាថ្ងៃកើតហេតុខាងលើ គ្រាន់តែនាងនិយាយលេងជាមួយអ្នកជិតខាងសោះ គាត់ចោទថានាងមានសហាយ ហើយស្ទុះមកវាយធ្វើ បាបនាងទាំងកំរោល និងដោយទ្រាំលែងបាននាងសម្រេចទៅរកសមត្ថកិច្ចជួយធ្វអន្តរាគមន៍ តែម្តងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្រី្តរងគ្រោះប្តឹងសុំឲ្យជួយធ្វើអន្តរាគមន៍រឿងនេះ សមត្ថកិច្ចបានហៅប្តី ប្រពន្ធមួយគូនេះទៅ សម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីកែវដោយគ្រាន់តែធ្វើកិច្ចសន្យាកុំឲ្យភាគីប្តីមានហិង្សាវាយតប់ទៅលើប្រពន្ធដោយប្រច័ណ្ឌខុសទំនងតែប៉ុណ្ណោះ។រីឯ ចំពោះ រឿងចង់លែងលះគ្នានោះសូម រង់ចាំទៅដោះស្រាយជាមួយលោកចៅសង្កាត់ ព្រោះភារកិច្ចនេះស្ថិតនៅលើសាលាសង្កាត់ ៕ ប្រាថ្នា