ខេត្តកំពង់ធំ៖ រថយន្ដដឹកឈើគ្រញូងយ៉ាងសកម្មចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំឆ្ពោះទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង តែពុំសូវមានសមត្ថកិច្ចជំនាញចុះបង្រ្កាបនោះទេ ជាហេតុធ្វើឲ្យឈ្មួញដុះស្លែ ធ្វើសកម្មភាពដឹកឈើយ៉ាងរលូនជារៀងរាល់យប់ ជាក់ស្ដែង រថយន្ដនេះ ប្រសិនបើមិនជួបគ្រោះថ្នាក់ចរចរណ៍ទេ ម្ល៉េះសមឈ្មួញដឹកឈើបានយ៉ាងរលូន គ្មានឧបសគ្គអ្វីឡើយ។
ក្រោយរថយន្ដជួបគ្រោះថ្នាក់ចរាចរណ៍បែកកង់ រេចង្កូតធ្លាក់ថ្នល់ជាតិលេខ៦ ភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីយប់ម៉ិញ លុះព្រឹកឡើងវេលាម៉ោង៦និង១០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅស្ទូចរថយន្ដយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីវាស់វែង មានចំនួនឈើគ្រញូង៥១ដុំ ស្មើរ៥១២ គីឡូក្រាម ។
បើយោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា មេឈ្មួញដុះស្លែ ឈ្មោះអាឡូ រស់នៅឃុំ សសរស្ដំ ស្រុកពួក ខេត្តសៀមរាប ឈ្មួរូបនេះ តែងតែដឹកឈើគ្រញូង យ៉ាងសកម្មយកទៅលក់នៅប្រទេសវៀតណាម ។ ក្នុងនោះត្រូវបានគេរាយការណ៍មកថាសមត្ថកិច្ចមួយចំនួនកំពុងតែទទួលបានលាភសក្ការយ៉ាងផ្អែមមាត់ ផ្អែមក ទើបម្នាក់ៗអង្គុយចាំទទួលទូរស័ព្ទ និងបែងចែកគោលដៅ មើលផ្លូវ ដើម្បីឲ្យឈ្មួញដុះស្លែនេះដឹកជញ្ចូនឈើឲ្យដល់គោលដៅ ៕ ប៊ុនរិទ្ធី