ព័ត៌មានទាន់ហេតុការណ៍៖

«ដំរី» វាយប្រហារភាគកណ្តាល និងភាគខាងត្បូងវៀតណាមស្លាប់មនុស្សតិចបំផុត១៩នាក់

ចែករំលែក៖

ខ្យល់ព្យុះកម្លាំងខ្លាំងឈ្មោះ «ដំរី» កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានវាយប្រហារនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៩នាក់ ។

ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសសិង្ហបុរីបានផ្សាយថា ដំរីបានចូលខ្លួនដល់ទឹកដីខាងលើនេះនៅម៉ោង៤ព្រឹក ម៉ោងនៅក្នុងតំបន់ បោះជំហាន១ម៉ោងៗបានចម្ងាយ៩០គីឡូម៉ែត្រ។ វាមានអំណាចខ្លាំងណាស់អាចរំលើងដំបូលផ្ទះសម្បែងពលរដ្ឋជាង១ពាន់ខ្នង, បង្គោលភ្លើង និងដើមឈើរលើងទាំងឫសរាប់រយដើមរាបដល់ដី ។

គណៈកម្មាធិការសង្គ្រោះ និងស្រាវជ្រាវវៀតណាមប្រកាសថា មនុស្ស១២នាក់នៅបាត់ខ្លួន ខណៈដែលផ្ទះពលរដ្ឋ៣៧០ខ្នងបាក់រលំទាំងស្រុង។ មនុស្សជាង៣៣.០០០នាក់ត្រូវជម្លៀសរកទីសុវត្ថិភាព។

រដ្ឋាភិបាលវៀតណាមបានប្រកាសដែរថា ទូក៦គ្រឿង មនុស្ស៦១នាក់បានលិចនៅសមុទ្រចិនខាងត្បូង ក្នុងនោះជនរងគ្រោះ២៥នាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះ។ វាសនាអ្នកដែលសេសសល់ពីនេះមិនទាន់ដឹងថា ទៅជាយ៉ាងណានៅឡើយទេ។

ដំរី វាយប្រហារនៅជិតទីក្រុង ញ៉ាត្រាង ចម្ងាយតែ៥០០គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងត្បូងទីក្រុងមាត់សមុទ្រ ដាណាំង។ សប្តាហ៍ក្រោយនេះ ទីនេះមានបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

ពេលនេះ មានសេចក្តីរាយការណ៍ថាមានខ្យល់ខ្លាំង និងភ្លៀងធ្លាក់ច្រើននៅតំបន់ ដាណាំង។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ទីក្រុងដាណាំង នេះ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ដែលមានលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក, លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ព្រមជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីងផងដែរចូលរួមជាមួយបណ្តាសមភាគផ្សេងទៀតនៃសមាជិកអង្គការ APEC ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា។

អាជ្ញាធររដ្ឋាភិបាលវៀតណាមប្រកាសថា ដំរី បានធ្វើឲ្យខូចខាតផលដំណាំកសិផលលើផ្ទៃដីប្រមាណជាង៤០.០០០ហិកតា, ចំការកៅស៊ូ, ចំការអំពៅ ជាដើម។ ជើងហោះហើរជាង៤០ត្រូវលុបចោល។

ភាគខាងជើងវៀតណាមនោះវិញ ជាង៨០នាក់បានស្លាប់ករណីទឹកជំនន់កាលពីខែមុន ខណៈរ៉ាំរ៉ៃដោយខ្យល់ព្យុះកាលពីខែកញ្ញាកន្លងទៅ។ ប្រទេសនេះមានប្រជាជនជាង៩០លាននាក់ តែងរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ជាញឹកញាប់ ដោយសារតែវាលាតសន្ធឹងតាមឈូងសមុទ្រដ៏វែងឆ្ងាយ ៕ ថាច់ យ៉ាត


ចែករំលែក៖