ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកម្នាស់មួយគ្រឿងបែកកង់ហោះចូលស្រែរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្សយ៉ាងតិច៤នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកម្នាស់បែកកង់បោះពួយធ្លាក់ចូលស្រែក្រឡាប់បះកង់ឡើងលើ ធ្លាយចេញផ្លែម្នាស់ពាសពេញស្រែ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ចំណុចគីឡូម៉ែត្រលេខ១៧១ លេខ១៧២ ភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ដែលចុះពិនិត្យដល់កន្លែងកើតហេតុបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ឡានដឹកម្នាស់ ពណ៌លឿង ប្រភេទសាំយ៉ុង ពាក់ស្លាកលេខ 2A-1731 បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបែកកង់ ក៏ហោះចូលស្រែក្រឡាប់ចាក់ផ្លែម្នាស់ចេញពាសពេញស្រែតែម្តង ។

ប្រភពបន្តថា ករណីនេះ បណ្តាលឲ្យអ្នកបើកបរ ឈ្មោះ ស៊ឹម ពៅ អាយុ៦៤ឆ្នាំ រស់នៅភូមិដំណាក់ ឃុំខ្នាយខាងជើង ស្រុកដងទង់ ខេត្តកំពត រងរបួសធ្ងន់ រីឯអ្នករួមដំណើរ ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់, ឈ្មោះ ស៊ឹម ចាន់ទី ភេទស្រី អាយុ៤៨ឆ្នាំ រងរបួសស្រាល, ឈ្មោះសុខ ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ រងរបួសស្រាល និងឈ្មោះ រ៉ង វង្សា ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល។

ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ៕ ប៉ឹម ពិន


ចែករំលែក៖