ព័ត៌មានទាន់ហេតុការណ៍៖

ញញួរធំ West Ham បណ្តេញគ្រូបង្វឹកចេញពីតំណែងហើយ

ចែករំលែក៖

លោក Slaven Bilic ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្លិបញញួរធំ West Ham ហើយខណៈក្រុមនេះកំពុងតែស្ថិតនៅក្នុងតំបន់កាត់ចោលនៃក្របខ័ណ្ឌអង់គ្លេស Premier League។

ប្រកួតចុងក្រោយរបស់ Slaven Bilic គឺនៅពេលកូនក្រុមរបស់គាត់ប្រកួត ចាញ់ហង្សក្រហម Liverpool ដោយលទ្ធផល 4-1 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

លោក Slaven Bilicបានថ្លែងប្រាប់អ្នកសារព័ត៌មានពេលគាត់ចាកចេញ ពីទីលានហ្វឹកហាត់របស់ក្លិបថា “ខ្ញុំពុំមានអារម្មណ៍ពិចាកចិត្តអ្វីនោះទេ ប៉ុន្តែខ្ញុំមានមោទនភាពចំពោះការងាររបស់ខ្ញុំណាស់នៅទីនេះ។ ក្រុមយើងលេងមិនបានល្អ ពេលចាប់ផ្តើមរដូវកាល។ ហើយខ្ញុំក៏ដូចជាគ្រូបង្វឹកជាច្រើនដទៃទៀតនៅក្នុង តំបន់អឺរ៉ុបតែងតែត្រូវប្រឈមនឹងបញ្ហានេះ” ។

ក្រោយ១១ប្រកួតនៅអង់គ្លេស Premier League លោក Slaven Bilic ក្លាយទៅជាអ្នកដឹកនាំក្រុមទី៤ដែលបាត់បង់តំណែង បន្ទាប់ពីលោកFrank de Boer (Crystal Palace), Ronald Koeman (Everton) និង Craig Shakespeare (Leicester)។ ចំណែកអតីតអ្នកចាត់ ការទូរទៅក្លិប Everton និង Manchester United គឺលោក David Moyes ជាបេក្ខជនដែលអាច នឹងមកជំនួសលោក Slaven Bilic នៅក្នុងក្រុមញញួរធំជាបណ្តោះអាសន្ន។

អ្នកចាត់ការទូរទៅសញ្ជាតិស្កុតឡេនវ័យ៥៤ឆ្នាំ David Moyes ត្រៀមខ្លួនចុះកុងត្រាជាមួយនឹងក្លិបញញួរធំចំនួន២ឆ្នាំកន្លះ។ កិច្ចសន្យានឹងត្រូវបញ្ចប់ចុងរដូវកាលប្រសិនបើគាត់មិនអាចជួយក្រុមនេះឲ្យមានសុវត្ថិភាពនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបានទេនោះ ប៉ុន្តែគាត់នឹងទទួលបានប្រាក់លើកទឹកចិត្ត ចំនួន២លានផោនបើក្រុមញញួរធំអាចនៅ Premier league រដូវកាលក្រោយ ៕ ដេវីត


ចែករំលែក៖