តាមការសន្និដ្ឋានរបស់កម្លាំងប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ Devin Patrick Kelley ដែលបាញ់ប្រហារ នៅព្រះវិហារក្នុងរដ្ឋតិចសាស អាចបណ្តាលមកពីទំនាស់ជាមួយម្តាយក្មេក ។ ប៉ុន្តែនៅពេលបាញ់ប្រហារនោះម្តាយក្មេកមិននៅកន្លែងកើតហេតុឡើយ។
មន្ត្រីប៉ូលិសអាមេរិកបានឲ្យដឹងថា ជនដៃដល់ឈ្មោះ Devin Patrick Kelley មានអាវុធ៣ដើម ជាប់ខ្លួនដើម្បីទៅបាញ់ប្រហារសម្លាប់មនុស្សដល់ទៅ២៦នាក់ នៅតំបន់ Sutherland Springs រដ្ឋតិចសាស កាលពីថ្ងៃទី៥ ខែវិច្ឆិកា មុនពេលអ្នកនៅទីនោះ បាញ់បណ្តាលឲ្យស្លាប់។
លោក Freeman Martin មន្ត្រីសន្តិសុខសាធារណរដ្ឋតិចសាសបានឲ្យដឹងថា ជនដៃដល់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ចំក្បាល និងពីរគ្រាប់ទៀតចំជើង។ លោកបន្តទៀតថា ជនដៃដល់ មិនមាន ការពាក់ព័ន្ធនឹងក្រុមភេរវកម្ម ឬវិវាទសាសនានោះឡើយ គឺដោយសារតែមានវិវាទជាមួយគ្រួរសារ។
នៅមុនពេលបាញ់ប្រហារ ជនដៃដល់បានផ្ញើសារទៅកាន់ម្តាយក្មេកបង្ហាញពីការខឹងសម្បាយ៉ាងខ្លាំង ។ អ្នកស្រី Michelle Schieldsដែលជាម្តាយក្មេករបស់ជនដៃដល់ តែងតែទៅព្រះវិហារ ជារៀងរាល់ថ្ងៃអាទិត្យ ប៉ុន្តែនៅថ្ងៃអាទិត្យកើតហេតុ អ្នកស្រី មិនបានទៅកាន់ព្រះវិហារ មានតែម្តាយរបស់អ្នកស្រី គឺត្រូវជាយាយក្មេកបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនោះ។
ខ្មាន់កាំភ្លើងខាងលើធ្លាប់ធ្វើជាអ្នកការពារឲ្យតំបន់កម្សាន្តមួយក្នុងទីក្រុង new Braunfels រដ្ឋតិចសាស រហូតដល់ខែកក្កដា ទើបបញ្ចប់កុងត្រា។ ជនដៃដល់ធ្លាប់ ឡើងទៅកាន់តុលាការកាលពីឆ្នាំ២០១២ ពីបទ វាយប្រហារពន្ធ និងកូន ហើយបានហាមប្រាមរក្សាអាវុធ ប៉ុន្តែ អតីត ទាហានអាកាសរូបនេះ ក្រោយត្រួតពិនិត្យសុខភាព និងប្រវត្តិរូប ល្អធម្មតា ក៏ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់កាំភ្លើង។
ជនដៃដល់ពិតជាមានទំនាស់ជាមួយម្តាយក្មេក ប៉ុន្តែមិនបានបញ្ជាក់ថា ទំនាស់អ្វីនោះឡើយ ទើបឈានដល់ការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ៕ ម៉ែវ សាធី