ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជម្លោះហិង្សាក្រោយរាំធុងបាស់ឈានទៅកាប់ជនរងគ្រោះស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីសមត្ថកិច្ច បានស្រាវជ្រាវរកឃើញថាពាក់ព័ន្ធករណីជម្លោះហិង្សាពេលរាំធុងបាស់ ឈានដល់ព្រួតគ្នាកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែង ។ ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច នៅមិនទាន់បានបង្ហាញអំពីអត្តសញ្ញាណក្រុមជនសង្ស័យនោះនៅឡើយនោះទេ ដោយសារកំពុងតែសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តទៅតាមនីតិវិធី ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្លោងទ្វារចូលវត្តត្រពាំងជុំ ក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីជម្លោះហិង្សាមួយបានកើតឡើង ក្រោយពីពិធីរាំធុងបាស់បានបញ្ចប់ ដែលមានក្មេងស្ទាវចំនួន២ក្រុម ម្ខាងមកពីឃុំសែប និង ម្ខាងទៀតនៅឃុំតាជេស បានទាស់ពាក្យសំដីគ្នា រហូតដល់វាយកាប់ចាក់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ ឈ្មោះហែម រ៉ាយុទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច បានស្លាប់នៅនឹងកន្លែង ។

ក្រោយពេលកើតហេតុ ក្រុមជសង្ស័យបានរត់គេចខ្លួន រហូតដល់ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ និង កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននករបាលខេត្តកំពង់ឆ្នាំងដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖