ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់រយះពេលលើសគ្នាតែ៥នាទីសោះ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងក្បែរគ្នាក្នុងថ្ងៃតែមួយ រវាងម៉ូតូបុកម៉ូតូ និងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ ស្រាល។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្តថា ករណីទី១ បានកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១១និង១០នាទីព្រឹក លើផ្លូវលេខ ១១០ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K ៩១១៥ បើកបរដោយឈ្មោះ មាស ស្រីតូច ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីកើតទៅលិចបញ្ច្រាសគ្នា បុកជាមួយម៉ូតូម៉ាក ហុងដា PCX ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ស្វាយរៀង ១K ៧១១៤ បើកបរដោយឈ្មោះ សន ភារម្យ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង យ៉ាងពេញទំហឺងបណ្ដាលឲ្យរបួសទាំងសងខាង ត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា ករណីខាងលើនេះកើតឡើងដោយសារមូលហេតុ: ម៉ូតូហុងដាសេ ១២៥ បត់ឆ្វេងខ្វះការប្រុងប្រយត្ន័។
ករណីទី២ កើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង១១និង១៥ នាទីព្រឹក នៅលើផ្លូវលេខ ១០៧ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង រវាងរថយន្ដម៉ាក ហៃយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A ០៩០៨ បើកបរដោយឈ្មោះ ហាក់ សេង ភេទ ប្រុស អាយុ ៦០ មុខរបរ លក់ដូរ រស់នៅភូមិ ចក សង្កាត់ រការក្នុង ក្រុង ដូនកែវ ខេត្ត តាកែវ បើកបរពីលិចទៅកើត បុកជាមួយម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ២៨១៨ បើកបរដោយឈ្មោះ អែម មនះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ទិសដៅស្របគ្នាបណ្ដាលឲ្យរងរបួសត្រូវបានអ្នកភូមិជួយដឹកមកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ករណីគ្រោះថ្នាក់មួយនេះ សមត្ថកិច្ចបញ្ជាក់ថាកើតឡើងដោយសារតែរថយន្ដបើកបរខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នវត្ថុតាងទាំង៤គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង និងអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់៕ យឹម សុថាន