អតីតខ្សែការពារក្លិបតោខៀវ Chelsea កីឡាករ Ashley Cole បានសម្រេចចិត្តលក់ផ្ទះដ៏ ប្រណីតរបស់ខ្លួនដែលធ្លាប់រស់នៅជាមួយនឹងអតីតភរិយា Cheryl Tweedy ក្នុងតម្លៃទាបជាង៧,៥លានផោន។
បច្ចុប្បន្នកីឡាករវ័យ៣៦ឆ្នាំរូបនេះកំពុងលេងឲ្យក្លិបLA Galaxyនៅក្នុងសហរដ្ឋអាមេរិក។ ចំណែកផ្ទះដ៏ធំរបស់គាត់ស្ថិតនៅក្នុងទីក្រុងSurrey Hillsប្រទេសអង់គ្លេស។
ផ្ទះដ៏ស្កឹមស្កៃនេះមានទីលានបាល់ទាត់ អាងហែលទឹក និងបន្ទប់មើលកុនផងដែរ ដោយកីឡាករ Ashley Coleធ្លាប់រស់នៅជាមួយនឹងអតីតភរិយាចន្លោះ ឆ្នាំ២០០៦ដល់ឆ្នាំ២០១០។
អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសនេះបានកាត់ថ្លៃ៧,៥លានផោន ប៉ុន្តែគាត់ត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងនេះដោយសារតែពុំមានអ្នកទិញហើយឲ្យតម្លៃដូចគាត់កាត់ថ្លៃនោះទេ។
គូរបញ្ជាក់ថា កីឡាករ Ashley Coleកំពុងរស់នៅជាមួយនឹងមិត្តស្រីថ្មី Sharon Canu និងកូនប្រុសម្នាក់ក្នុងទីក្រុងLos Angeles។ ចំណែកនាងCherylបានរៀបការប្តីថ្មីឈ្នោះ Jean-Bernard Fernandez-Versini ក្នុងឆ្នាំ២០១៤ ប៉ុន្តែបានលែងលះគ្នាវិញក្នុងឆ្នាំ២០១៦ ៕ ដេវីត