ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបអ្នកជួញដូរថ្នាំញៀនទាំងថ្ងៃឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្តការបង្ក្រាបគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈកំពុងអង្គុយលក់ថ្នាំញៀន ដោយមិនញញើតសមត្ថកិច្ច ព្រមទាំងបានដកហូតវត្ថុតាង១៦កញ្ចប់ និងសម្ភារសម្រាប់វិចខ្ចប់មួយចំនួនទៀត។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀនទាំង២នាក់ ដែលឃាត់ខ្លួនខាងលើ ទី១.ឈ្មោះ ផាត ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកន្លែងកើតហេតុ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានថ្នាំញៀន១០កញ្ចប់ និងទី២.ឈ្មោះ ម៉េត សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរចាក់មេក្រូ មានទីលំនៅក្បែរកន្លែងកើតហេតុ ជាមួយគ្នានោះ សមត្ថកិច្ចដកហូតបានថ្នាំញៀន៦កញ្ចប់។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលជំរុញឲ្យកម្លាំងបណ្តាជំនាញពាក់ព័ន្ធ ក្នុងខណ្ឌ យកចិត្តទុកដាក់បង្ការ និងបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យខាងលើ កំពុងអង្គុយលក់ថ្នាំញៀន ដូចអង្គុយលក់ត្រីអ៊ីចឹងដែរ ទើបបង្ក្រាបចាប់ខ្លួនបាន២នាក់ ព្រមទាំងដកហូតថ្នាំសរុបចំនួន១៦កញ្ចប់ និងសម្ភារពាក់ព័ន្ធមួយចំនួនផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំទៅសាកសួរនៅផ្នែកនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖