ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាធុងសាំងមិនបើកគម្របផ្ទុះបណ្តាលឲ្យរងរបួសបុរសម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់រងរបួសជើងទាំងពីរធ្ងន់ដោយសារផ្ទុះធុងសាំង មិនបើកគំរបពេលផ្សារកាត់កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោភុល ភស្តា អធិការ នគរបាលក្រុងព្រះសីហនុ បានឲ្យកាសែតនគរវត្តដឹងថា មូលហេតុដែលបណ្តាលឲ្យផ្ទុះធុងសាំងនោះ ដោយសារមេជាង ដែលត្រូវរបួសនេះបានប្រើកូនជាងឲ្យផ្សាកាត់ធុងសាំង យកមកប្រើប្រាស់បាំងផ្ទះ ឲ្យម្ចាស់ផ្ទះឈ្មោះសុខ ប៊ុនណាត ដែលពួកគាត់ កំពុងស៊ីឈ្នួលសាងសង់។

លោកបានបន្តថា ពេលកំពុងផ្សា ដោយធ្វេសប្រហែស ខុសលក្ខណៈបច្ចេកទេស ផ្សាមិនបានបើកគម្របធុងសាំង ឲ្យមានខ្យល់ចេញ ទើបផ្ទុះរយះបាតធុងសាំង បណ្តាលឲ្យត្រូវមេជាងឈ្មោះអ៊ឹម រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរជាងផ្សាដែក រងរបួសធ្ងន់ រយះដាច់សាច់ និងបាក់ជើងទាំងសងខាងតែម្តង។

ជនរងគ្រោះត្រូវបាននាំយកមកព្យាបាលនៅគ្លីនិកឯកជន888 សេតេ ក្រុងព្រះសីហនុ។

ករណីនេះ ក៏ជាសារមួយផ្តាំផ្ញើទៅ បងប្អូនដែលមានរបរជាជាងផ្សាដែកទាំងអស់ ទុកជាបទពិសោធន៍ផងដែរ៕ ឆ្លាម សមុទ្រ

 

 


ចែករំលែក៖