ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់អត្ថប្រយោជន៍ដល់កីឡាករកីឡាការិនីជំនាញកម្រិតខ្ពស់ ដូចជាសេវាថែទាំសុខភាព សេវារថយន្តក្រុងសាធារណៈ តាមរយៈបេឡាសន្តិសុខសង្គម ។ នេះតាមប្រសាសន៍ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហព័ន្ធកីឡាជាតិ ដែលមានឈ្មោះក្នុងបញ្ជីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ និងត្រៀមហ្វឹកហាត់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាផ្សែងៗ ។
លោកវ៉ាត់ ចំរើនមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនកីឡាករកីឡាការិនី នូវសេវាថែទាំសុខភាពរបស់រដ្ឋមួយចំនួនដែលជាអត្ថប្រយោជន៍ដែលរដ្ឋផ្តល់ជូនកីឡាកម្រិតខ្ពស់និងគ្រូបង្វឹក ដើម្បីយើងទទួលបានសេវាទាំងនេះ ទាមទារឲ្យសហព័ន្ធកីឡាជាតិត្រូវតែធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះកីឡាករកីឡាការិនី របស់ខ្លួន រួចចុះបញ្ជី និងធ្វើបណ្ណសម្គាល់កីឡាករកីឡាការិនី ឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ការគ្រប់គ្រងរបស់សហព័ន្ធហើយអាចជិះរថយន្តក្រុងសាធារណៈរបស់សាលារាជធារនីភ្នំពេញ ដោយរបបបេឡាសន្តិសុខសង្គមចេញបណ្ណសេវាថែទាំសុខភាពជូនតែកីឡាករ កីឡាការិនីកម្រិតខ្ពស់តែប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា ចំពោះកីឡាករកីឡាការិនី ទទួលបានសេវាថែទាំសុខភាព គឺមានលក្ខណៈខុសគ្នាបន្តិជាមួយ កម្មករ កម្មការិនី ដោយកីឡាករកីឡាការិនី ដែលមានផ្ទៃពោះមិនអាចទទួលបានសេវានេះទេ ដោយឡែកកម្មករ កម្មការិនី គាត់មានសេវា ពរពោះ សេវាសម្រាលបន្ថែមទៀត។ ប៉ុន្តែកីឡាករកីឡាការិនី មានអាទិភាពនូវសេវាថែទាំនេះ ដោយរដ្ឋផ្តល់អាទិភាព ទៅពិនិត្យសុខភាព នៅតាមមន្ទីរកម្រិតទី១របស់រដ្ឋ ។
លោកបន្ថែមថា គោលការ របស់គណៈកម្មាធិការជាតិអូឡាំពិក គ្រោងបញ្ជូនអត្តពលិកវ័យក្មេងចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស ហ្វឹកហាត់រយៈពេលវែង ត្រៀមចូលរួមការប្រកួតនានា ដូចជាស៊ីហ្គេម ប្រកួតជើងឯកថ្នាក់តំបន់ ជើងឯកពិភពលោក អូឡាំពិកហ្គេម និងត្រៀមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះ៕ សារីម