ពលរដ្ឋហ្ស៊ីមបាវ៉េ និងតំណាងរាស្ត្រ បាននាំគ្នាដង្ហែរក្បួនអបអរសាទរ ក្រោយពេលប្រធានាធិបតីរ៉ូប៊ឺត មូហ្គាបេ ប្រកាសលាលែងពីតំណែង។
ប្រធានរដ្ឋសភាហ្ស៊ីមបាវ៉េអានលិខិតសុំលាលែងតំណែងរបស់ប្រធានាធិបតី Robert Gabriel Mugabe សរសេរថា «ខ្ញុំ រ៉ូប៊ឺត មូហ្គាបេ យោងទៅតាមមាត្រាទី៩៦ នៃរដ្ឋធម្មនុញ្ញហ្ស៊ីមបាវ៉េ សូមប្រកាសលាលែងចេញពីតំណែង… ដោយមានប្រសិទ្ធិភាពភ្លាមៗ។ ខ្ញុំលាលែងចេញពីតំណែងដើម្បីការផ្ទេរអំណាច ប្រព្រឹត្តទៅដោយរលូន។ ការសម្រេចរបស់ខ្ញុំធ្វើឡើងដោយខ្លួនឯង»។
ព័ត៌មានខាងលើ បានបញ្ជូនទៅកាន់រដ្ឋសភា ដែលកំពុងតែប្រជុំស្តីពីជោគវាសនារបស់លោក មូហ្គាបេ អាយុ៩៣ឆ្នាំ ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨០ ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។
បណ្តាតំណាងរាស្ត្រ បានអបអរសាទរដល់ការសម្រេចចិត្តទាន់ពេលវេលារបស់លោក មូហ្គាបេ។ ពលរដ្ឋក៏បានចេញដង្ហែក្បួនតាមផ្លូវ អបអរសាទរផងដែរ។ ការចុះចេញពីតំណែងនេះ គឺជាការបញ្ចប់វិបត្តិនយោបាយក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
អតីតប្រធានាធិបតី Mnangagwa នឹងចូលកាន់តំណែងប្រធានាធិបតីហ្ស៊ីមបាវ៉េ
កាលពីថ្ងៃទី២១ ខែវិច្ឆិកា អគ្គលេខាគណបក្សកាន់អំណាច ZANU–PF នៅហ្ស៊ីមបាវ៉េ លោក Patrick Chinamasa បានប្រកាសឲ្យដឹងថា អតីតប្រធានាធិបតី Emmerson Mnangagwa នឹងចូលកាន់តំណែងប្រធានាធិបតីដឹកនាំប្រទេសនៅថ្ងៃទី២២ ឬ២៣ខែវិច្ឆិកា នេះ ក្រោយប្រធានាធិបតីវ័យ៩៣ឆ្នាំ ព្រមចុះចេញពីតំណែង។
ក្នុងពេលជាមួយគ្នានេះ ប្រធានគណៈកម្មការស៊ើបអង្កេតរបស់គណបក្សកាន់អំណាចបានបញ្ជាក់ថា លោក Emmerson Mnangagwa នឹងត្រូវឡើងកាន់តំណែងប្រធានាធិបតីក្នុងរយៈពេល៤៨ម៉ោង ហើយបន្តអាណត្តិរបស់ប្រធានាធិបតី មូហ្គាបេ រហូតដល់ការបោះឆ្នោត ជាថ្មី នៅខែកញ្ញា ឆ្នាំ២០១៨។
ក្នុងថ្ងៃជាមួយគ្នានោះ អគ្គមេបញ្ជាការកងទ័ពហ្ស៊ីមបាវ៉េ ឧត្តមសេនី Constantino Chiwenga បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ឲ្យរក្សាការអត់ធ្មត់ក្រោយលោក មូហ្គាបេ លាលែងពីតំណែង។
ប្រធានាធិបតីរ៉ូប៊ឺត មូហ្គាបេ បានលាលែងចេញពីតំណែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ក្នុងពេលដែលសភា ហ្ស៊ីមបាវេ បានចាប់ផ្តើមពិភាក្សា ពីការចោទប្រកាន់ទោស ប្រធានាធិបតី។ ក្នុងពេលកំពុងពិភាក្សា ប្រធានរដ្ឋសភាក៏ទទួលបានលិខិតលាលែងពីតំណែងរបស់ប្រធានាធិបតី ធ្វើឲ្យកិច្ចពិភាក្សាត្រូវផ្អាក។
កន្លងមក តំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច២៣០រូប ក្នុងចំណោមតំណាងរាស្ត្រទាំង២៦០រូប ក្នុងសភាបានអនុម័ត ចោទប្រកាន់ទោសទៅលើប្រធានាធិបតី ក្នុងពេលពលរដ្ឋ ជាច្រើនដង្ហែក្បួនទាមទារឲ្យលោក មូហ្គាបេ ចុះចេញពីតំណែង។
ការចាកចេញពីតំណែងទាន់ពេលវេលា បានជួយឲ្យ ហ្ស៊ីមបាវេ ឆ្លងផុតនៅវិបត្តិនយោបាយដែលអូសបន្លាយមួយសប្តាហ៍កន្លងមក ក្រោយកម្លាំងយោធាចូលគ្រប់គ្រងទីតាំងរបស់រដ្ឋ និងឃុំខ្លួនប្រធានាធិបតីនៅក្នុងផ្ទះ៕ ម៉ែវ សាធី