នៅក្នុងសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ កាលពី ថ្ងៃទី២៤ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក សឺហ្គេហ៍ ឡាវរ៉ូវ បានបង្ហាញ ក្តីបារម្ភថា អាមេរិកកំពុងតែប្រើប្រាស់កូរ៉េខាងជើងដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលការពារ នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន។
លោកឡាវរ៉ូវ បញ្ជាក់ថា«យើងព្រួយ បារម្ភយ៉ាងខ្លាំងនៅពេលដែល ជប៉ុននិង កូរ៉េខាងត្បូងក្លាយទៅជាទីតាំងដែលអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារ នៅជុំវិញ ពិភពលោក ដោយយកលេស កូរ៉េខាង ជើង។ យើងមិនមានបញ្ហាអ្វីជាមួយជប៉ុនហើយយើងក៏មិនឃើញថាជប៉ុនកំពុងរងការគំរាមកំហែងនោះដែរ ដោយឃើញតែការបង្កើនអាវុធរបស់អាមេរិកនៅលើទឹកដីនេះក៏ដូចជានៅជុំវិញពិភពលោក»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានរំលឹកឡើង វិញ ពីមូលហេតុ ទប់ស្កាត់កាំជ្រួចមីស៊ីល របស់អីុរ៉ង់ ដោយបានបញ្ជូនអាវុធការពារទៅកាន់អឺរ៉ុប ។ ទាំងនោះហើយបានធ្វើឲ្យ រុស្ស៊ីនិង ចិននៅពេលនេះស្ថិតនៅក្រោមការឡោមព័ទ្ធនៃមីស៊ីលរបស់អាមេរិក។
លោក ឡាវរ៉ូវ បញ្ជាក់ទៀតថា« ក្នុង រយៈពេលពីរខែកន្លងមកនេះកូរ៉េខាងជើងមិនមានសកម្មភាពឌឺដង ដូចជាសាកល្បង មីស៊ីល ឬបរមាណូ ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្តឡើយ ទាំងនោះហើយ បានជាអាមេរិក ព្យាយាមរកហេតុផល បញ្ឆេះកូរ៉េខាងជើង តាមរយៈការធ្វើសមយុទ្ធនិងដាក់ទណ្ឌកម្មថ្មី។
ជាមួយគ្នានេះដែរ លោកឡាវរ៉ូវ ក៏បានរំលឹកពីការទិញប្រព័ន្ធមីស៊ីលការពារ Aegis Ashore របស់អាមេរិក ប៉ុន្តែរដ្ឋមន្ត្រី ការបរទេសជប៉ុន បានបញ្ជាក់ថា ប្រព័ន្ធ មីស៊ីលការពារនោះមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយរុស្ស៊ីនោះឡើយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងតូក្យូ ត្រូវតែ បង្កើនសកម្មភាពការពារខ្លួនទៅលើ រាល់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ កន្លងមកជប៉ុនត្រូវកាំជ្រួចមីស៊ីលជប៉ុនហោះកាត់ទឹកដីជាច្រើនលើក។ ជប៉ុន អបអរសាទរដល់គោលជំហររបស់អាមេ រិក ដែលប្តេជ្ញាការពារជប៉ុន គេចផុតពីការ គំរាមកំហែងនានា។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងត្បូង បានច្រាន ចោលពាក្យចចាមអារ៉ាមថា ប្រទេសនេះ មានគម្រោង ពិភាក្សាស្តីការដាក់ប្រព័ន្ធ ខែលមីស៊ីលការពាររួមជាមួយទីក្រុងប៉េកាំង។
ក្រសួងការពារជាតិ របស់ទីក្រុងសេ អ៊ូល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនមិនមានគម្រោងធ្វើកិច្ចពិភាក្សា ជាមួយចិន អំពីប្រព័ន្ធការពារមីស៊ីលទំនើបមួយ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេស កូរ៉េខាងត្បូងនោះទេ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បាន រាយការណ៍ថា ប្រទេសចិនបានស្នើជា ផ្លូវការ ឲ្យកូរ៉េខាងត្បូង បើកកិច្ចចរចា យោធា នូវកាលបរិច្ឆេទដំបូងនៅលើ ប្រព័ន្ធការពារ ដែនអាកាសតំបន់ខ្ពស់ (THAAD) ក្រោយពីប្រទេសចិនបាន ប្រឆាំងយ៉ាងខ្លាំងចំពោះទង្វើនេះ ដោយ និយាយថា ទង្វើនេះធ្វើឲ្យប៉ះពាល់ ដល់ សន្តិសុខជាតិរបស់ខ្លួន ។
លោក Moon Sang-gyun អ្នកនាំពាក្យ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាន ប្រាប់សន្និសីទកាសែតមួយថា មិនមានគម្រោងសម្រាប់ កិច្ចពិភាក្សាបែបនេះទេ បើទោះជាប្រទេសកូរ៉េខាងត្បូង និងចិន បានប្រកាសកិច្ចព្រមព្រៀងមួយ កាល ពីថ្ងៃទី៣១ ខែតុលា ដើម្បីកែប្រែចំណង ទាក់ទងបន្ទាប់ពីជាងមួយឆ្នាំ នៃទំនាក់ ទំនងការទូត រវាងប្រទេសទាំងពីរ៕ ម៉ែវ សាធី