ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបប្រកាសកាន់ទុក្ខ៣ថ្ងៃក្រោយការវាយប្រហារទៅលើវិហារអ៊ិស្លាមស្លាប់និងរបួសជាង៣០០នាក់

ចែករំលែក៖

រដ្ឋាភិបាលប្រទេសអេហ្ស៊ីបបានប្រកាស កាន់ទុក្ខ៣ថ្ងៃនៅទូទាំងប្រទេសក្រោយ ហេតុការណ៍វាយប្រហារភេរវកម្មជាទ្រង់ទ្រាយធំទៅលើសាសនិកដែលកំពុងតែធ្វើពិធីបន់ស្រន់នៅក្នុងព្រះវិហារអ៊ិស្លាមស្ថិតនៅក្នុងខេត្ត Sinai ។

សារព័ត៌មាន MENA បានផ្សាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារទៅលើព្រះវិហារ Al Rawdh ក្នុងតំបន់ Biral Abed មានការកើនឡើងរហូតដល់ទៅជាង ២៣០នាក់ និងជាង១២០នាក់រងរបួស។

បណ្តាញទូរទស្សន៍អេហ្ស៊ីបានផ្សាយថា ប្រធានាធិបតី Abdel Fattah Al Sisi បានកោះប្រជុំមន្ត្រីសន្តិសុខចារកិច្ច និង ការពារជាតិជាបន្ទាន់ ក្រោយការវាយ ប្រហារខាងលើ។ ជាមួយគ្នានោះ រដ្ឋា ភិបាលបានប្រកាសកាន់ទុក្ខ៣ថ្ងៃនៅទូ ទាំងប្រទេស។

ក្នុងរយៈពេល៤ឆ្នាំកន្លងមក កម្លាំង សន្តិសុខអេហ្ស៊ីប បានជំរុញការអនុវត្ត សង្គ្រាមប្រឆាំងក្រុមភេរវកម្ម ពិសេសនៅ តំបន់ភាគខាងជើងខេត្ត Sinai ជាកន្លែង ដែលមានទាហានរាប់រយនាក់ រងការវាយ ប្រហារពីក្រុមភេរវកម្ម IS នៅទីនោះ។ ក្រៅពីនេះក្រុមភេរវកម្ម ក៏បានបើកការ វាយប្រហារទៅលើព្រះវិហារគ្រិស្ត្រសាសនា និងក្រុមអ្នកធ្វើព្យុហយាត្រាផងដែរ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ប្រធានគណៈប្រតិភូអឺរ៉ុប នៅអេហ្ស៊ីបលោក Ivan Surkos បាន ធ្វើការថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារភេរវកម្មទៅលើពលរដ្ឋស្លូតត្រង់ ចូលរួមនៅក្នុងពីធីសាសនានៅព្រះវិហារ Rawdah នេះ។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កង ទ័ពនៃប្រទេសអេហ្ស៊ីប បានប្រើប្រាស់យន្តហោះដើម្បីបំផ្លាញ ចោលនូវរថយន្តដែលត្រូវបានក្រុមឧទាមប្រើប្រាស់សម្រាប់ការវាយប្រហារនៅវិហារអ៊ិស្លាម Al-Rawda ស្ថិតនៅទីក្រុង Bir al-Abed។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមឧទ្ទាម បានវាយប្រហារដោយការ បំផ្ទុះគ្រាប់បែកផង និងបាញ់ប្រហារផងទៅ លើវិហារអ៊ិស្លាមមួយកន្លែងនៅភាគខាងជើងខេត្ត ស៊ីនណៃ របស់អេហ្ស៊ីប បណ្ដាល ឲ្យមានមនុស្សស្លាប់២៣៥នាក់ និងរង របួសជាច្រើននាក់ផ្សេងទៀត៕ ម៉ែវ សាធី


ចែករំលែក៖